วันอาทิตย์ที่ 21 มีนาคม พ.ศ. 2564

ថ្ងៃនេះជាថ្ងៃសីល មកនាំគ្នាអានរឿង "ពលធម៌" មានន័យយ៉ាងម៉េចទៅ ? មានដូចម្ដេចខ្លះទៅ ?

ថ្ងៃនេះជាថ្ងៃសីល មកនាំគ្នាអានរឿង "ពលធម៌" មានន័យយ៉ាងម៉េចទៅ ? មានដូចម្ដេចខ្លះទៅ ?

ពលធម៌ គឺ "ធម៌ជា​កម្លាំង" ដោយ​ព្រះ​ពុទ្ធ​ភាសិត​ថា :- "បញ្ចិមានិ ភិក្ខវេ, ពលានិ កតមានិ បញ្ច ? សទ្ធាពលំ, វីរិយពលំ, សតិពលំ, សមាធិពលំ, បញ្ញាពលំ"

សេចក្ដី​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ កម្លាំង​ទាំង​ឡាយ ៥ នេះ, កម្លាំង​៥ នេះ មានដូច​ម្តេច​ខ្លះទៅ? កម្លាំង​​ទាំង​ ៥​នេះ គឺ ៖ 

១. សទ្ធាពលំ​= កម្លាំង​​គឺ​សទ្ធា 
២. វិរិយពលំ= កម្លាំង​គឺ​សេចក្ដី​ព្យាយាម 
៣. សតិពលំ= កម្លាំងគឺ​សេចក្ដី​រឭក​បាន 
៤. សមាធិពលំ= កម្លាំងគឺ​សេចក្ដី​តាំង​ចិត្ត​មាំ 
៥. បញ្ញា​ពលំ= កម្លាំងគឺ​សេចក្ដី​ដឹង​ឆ្លៀវ​ឆ្លាត ។​ 

ធម៌​ទាំង​ ​៥​ ប្រការ​នេះ ហៅ​ថា ឥន្រ្ទិយ​ដូច្នេះ​ក៏​បាន ព្រោះ​ជា​ធំ​ក្នុង​កិច្ច​របស់​ខ្លួន​ទាំង​អស់ ។

អធិប្បាយថា៖ ធម៌​ទាំង​៥​ប្រការ​នេះ ហៅ​ថា ពលៈ គឺ​ជា​កម្លាំង សំដៅ​សេចក្ដី​ថា អ្នក​បរិបូណ៌​ដោយ​ធម៌​៥ ប្រការ​នេះ​ហើយ​ឈ្មោះ​ថា ជា​អ្នក​មាន​កម្លាំង​ដ៏​ក្រៃ​លែង​ជាង​កម្លាំងអ្វីទាំង​អស់ អាច​ប្រកប​ការ​ងារ​ហួស​វិស័យ​ដែល​មនុស្ស​គប្បី​ធ្វើ​បាន អោយសម្រេច​គ្រប់​យ៉ាង​តាម​សេចក្ដី​ប្រាថ្នា ឧបមា​ដូច​ជា​បុរស​មាន​កម្លាំងច្រើន អាច​លី​ឬ​សែង​វត្ថុ​គ្រប់​យ៉ាង​បាន ។ សេចក្ដី​នេះ គួរ​ជ្រាប​អធិប្បាយ​ដោយ​លើក​ការ​ងារ​ផ្លូវ​គតិ​លោក​ឡើង​សំដែង​ដូច​ត​ទៅ​នេះ ។

បុគ្គល​ដែល​នឹង​ប្រកបការ​ងារ​ណា​មួយ​ក្រក្ដី ងាយ​ក្ដី​ត្រូវ​អាស្រ័យ​សទ្ធា គឺ​សេចក្ដី​ជឿ​ជា​មុន គឺ​ជឿ​ក្នុង​ការ​ងារ​នោះ ថា​ជា​ការ​ដែល​មាន​ប្រយោជន៍​ពិតៗ ជា​ការ​ងារ​អាច​នឹង​ហុច​ប្រយោជន៍​ឲ្យ​ដល់​ខ្លួន សម​នឹង​ដើម​ទុន​ធន​ធាន ព្រម​តាំង​ជឿ​ចិត្ត​ខ្លួន​ក្នុង​ការ​ងារ​ដែល​ធ្វើ​ថាៈ អាច​នឹង​ធ្វើ​បាន ឯការ​ងារ​ដែល​ធ្វើ​ទាំង​អម្បាល​ម៉ាន តែង​នា​ទៅ​អោយសម្រេច​ប្រយោជន៍ ទាំង​ផល​ដែល​ខ្លួន​ប្រាថ្នា​នោះ ខ្លួន​នឹង​បាន​ក៏​ព្រោះ​ការងារ​ដែល​ធ្វើ​ហ្នឹង​ឯង មិន​មែន​បាន​ដោយ​ផ្លូវ​ដទៃ​ឡើយ យ៉ាង​នេះ​កម្លាំង​ចិត្ត ដែល​ធ្វើ​នោះ ក៏​រមែង​កើត​ឡើង កាល​បើ​កម្លាំងចិត្ត​កើត​ឡើង​ហើយ តែង​ដឹក​នាំ​អោយប្រកប​ការ​ងារ​នោះ ។ ដោយ​ឥត​មាន​បង្អែ​បង្អង់ តែ​គង់​រួញ​រា​បាន​ដោយ​អំណាច​នៃ​សេចក្ដី​ខ្ជិល​ច្រអូស ដែល​ចាំ​ស្ទាក់​ដំណើរ​អោយយឺត​យូរ ធ្វើ​ខ្លះ​មិន​ធ្វើ​ខ្លះ ដោយ​អាង​ចាំ​វេលា​នេះ វេលា​នោះ ការ​ងារ​នោះ នឹង​សំរេច​មិន​បាន​ឡើយ ។

ព្រោះហេតុ​នេះ​ឯង​ ធម៌​ក្នុង​លំដាប់​ពីរ​ បន្ទាប់​អំពី​សទ្ធា​មក គឺ ​សេចក្ដី​ព្យាយាម ទើប​ជា​គុណ​ដែល​ត្រូវ​ប្រាថ្នា​មួយ​ទៀត ព្រោះ​ជា​គុណធម៌ ដែល​ជំរុញ​ទាញ​នាយ​ចិត្ត​អោយយ​ប្រកប​កិច្ចការ មិន​អោយរួញរា អាច​ជួយ​ទំនុក​បំរុង​តាំង​ចិត្ត​ធ្វើ​ដោយ​សេចក្ដី​ក្លាហាន​ប្រឹង​ប្រែង ។ ធម្មតា​បុគ្គល​តាំង​ព្យាយាម ប្រឹង​ក្នុង​ការ​ងារ​នោះៗ ហើយ​តែង​ជួប​ប្រទះ នឹង​សេចក្ដី​ជំពាក់​ទាក់​ទាម​ក្នុង​ចន្លោះៗ ដែល​ជា​ធម្មតា​របស់​ការងារ​ក្នុង​លោក កាល​បើ​ជួប​ប្រទះ​នឹង​សេចក្ដី​ទាក់​ទាម​បែប​នោះ​ហើយ បើ​មិន​មាន​សតិ​គ្រប់​គ្រង​រក្សា​ចិត្ត​ទេ ចិត្ត​ក៏​មិន​គួរ​ដល់​ការងារ គឺ​តែង​លះចោល​ការ​ងារ​នោះ បាន​ដោយ​ងាយ​ មិន​ត្រិះរិះ​រក​ឧបាយ មិន​គិត​រក​ផ្លូវ​ដែល​បន្ទោបង់ កែ​កុន​អោយឃ្លាត​ផុត​ចាក​សេចក្ដី​ជំពាក់​ទាក់​ទាម​នោះៗ ចេញ​ឡើយ កាល​បើ​ដូច្នេះ​ការ​ងារ​នោះ ក៏​មិន​សម្រេច ។

ដោយ​ហេតុ​នេះ ក្នុង​លំដាប់​ទី ៣ បន្ទាប់​អំពី​សេចក្ដី​ព្យាយាម​មក​ ទើប​ត្រូវ​អាស្រ័យ​សតិ​ផង ព្រោះ​សតិ​ជា​គុណធម៌​គ្រប់​គ្រង​រក្សា​ចិត្ត អោយប្រព្រឹត្ត​ទៅ​តែ​ក្នុង​ការ​ងារ​នោះៗ ដាស់​តឿន​ចិត្ត​មិនអោយ​រុញ​រា ក្នុង​កាល​ដែល​ជួប​ប្រទះ​សេចក្ដី​ជំពាក់​ទាក់​ទាម អាច​ជំរុញ​ពុះ​ពារអោយ​អង់​អាច​ក្នុង​ការ​ងារ​ដែល​ត្រូវ​ធ្វើ​រក​ឧបាយ​ក្នុង ​វិធី​កែ​កុន មិន​តែ​ប៉ុណ្ណោះ សតិ​នេះ​ជា​គ្រឿង​ការពារ​អោយធ្វើ​ការ​ងារ​នោះៗ មិន​អោយភ្លាំង​ទៅ​បាន ទាំង​ជា​ហេតុ​ អោយកត់​ចំណាំ​នឹង​អោយរឭក​បាន​នូវ​ការ​ងារ ដែល​ធ្វើ​ត​ទៅ​ខាង​មុខ​ផង រួម​សេចក្ដី​ថា "សតិ​ជា​គ្រឿង​ធ្វើ​ចិត្ត​អោយគួរ​ដល់​ការងារ" ។

ធម្មតា​ចិត្ត សូម្បី​តាំង​នៅ​ក្នុង​សេចក្ដី​គ្រប់​គ្រង​រក្សា​នឹង​សេចក្ដី​ទំនុក​បំរុង​ គាំ​ទ្រ​របស់​សតិ​ក៏​ពិត​មែន​ហើយ តែ​ជួន​កាល​សតិ​មិន​អាច​រក្សា​ចិត្ត​បាន ព្រោះ​ចិត្ត​មាន​អំណាច​ច្រើន​ជាង ដល់​វេលា​ល្អ​ក៏​ល្អ ដល់​វេលា​អាក្រក់​កើត​ឡើង​ហើយ សតិ​ក៏​នៅ​ជា​សតិ មិន​អាច​រក្សា​ការ​ពារ​ចិត្ត​បាន​បើ​មិន​ដូច្នោះ សតិ​ដែល​ជា​អ្នក​គ្រប់​គ្រង​ហ្នឹង​ឯង មាន​វេលា​ភ្លាត់​ភ្លាំង​ខូច​ខាត​ដូច​គ្នា កាល​បើ​សតិ​ភ្លាត់​ភ្លាំង​ហើយ ចិត្ត​ក៏​តែង​រាយ​មាយ មាន​សេចក្ដី​ប្រែ​ប្រួល​ទៅ​ជា​ច្រើន​ផ្លូវ មិន​អាច​ត្រិះរិះ​ដល់​ការ​ងារ ដែល​ខ្លួន​ធ្វើ​សោះ​ឡើយ ការ​ងារ​នោះ​ក៏​ខាន​សំរេច ។

ព្រោះ​ហេតុ​នោះ ក្នុង​លំដាប់​ទី ៤ បន្ទាប់​ពី​សតិ​មក ត្រូវ​ប្រើ​សមាធិ ​មួយ​ទៀត ព្រោះ​សមាធិ​ជា​គុណ​ធម៌​គ្រប់​គ្រង​ចិត្ត មិន​អោយរាយ​មាយ អោយប្រព្រឹត្ត​ស្មោះ​ស្មើ​ដោយ​អាការ​ដ៏​មាំ​មួន មិនអោយយ​ចិត្ត​ប្រែ​ប្រួល​ទៅ​ក្នុង​អារម្មណ៍​ដទៃ​គ្រប់​យ៉ាង អោយស្ថិត​នៅ​តែ​ក្នុង​ការ​ងារ​នោះ ។

កាល​បើ​ដូច្នោះ ការ​ងារ​ដែល​ខ្លួន​ធ្វើ​នោះ រាប់​ថា​បាន​ចូល​ទៅ​កាន់ សេចក្ដី​សំរេច តែ​ដែល​មិន​បាន​សំរេច​នោះ ព្រោះ​ខ្វះ​បញ្ញា​ដែល​ជា​កម្លាំង​សំខាន់​បំផុត​ក្នុង​កម្លាំងទាំង​៥​នោះ ។

ព្រោះហេតុ​នេះ ក្នុង​លំដាប់​ទី ៥ បន្ទាប់​អំពី​សមាធិ​នោះ ត្រូវ​ប្រកប​ដោយ​បញ្ញា​មួយ​ទៀត ព្រោះ​បញ្ញា​ជា​គុណធម៌ ធ្វើ​អោយឈ្លាស​វៃ​អង់​អាច​តាម​ធម្មតា​និយម បើ​បុគ្គល​មាន​បញ្ញា ដឹង​ហេតុ​នៃ​សេចក្ដី​វិនាស​និង​សេចក្ដី​ចំរើន អោយដំណើរ​ការ​ងារ​របស់​ខ្លួន​នោះ ឃ្លាត​ចាក​សេចក្ដី​អាក្រក់​ចេញ អោយប្រព្រឹត្ត​ទៅ តែ​ក្នុង​ផ្លូវ​ល្អ ផ្លូវ​ប្រពៃ កាល​បើ​ដូច្នោះ ការងារ​របស់​ខ្លួន​ដែល​ប្រកប​នោះ តែង​បាន​សំរេច​ដោយ​ងាយ ប្រយោជន៍​ដែល​ប្រាថ្នា ផល​ដែល​ខ្លួន​ប៉ុនប៉ង ក៏​តែង​កើត​ឡើង​តាម​សេចក្ដី​ប្រាថ្នា ។

ធម៌ ៥ ប្រការ​នេះ សុទ្ធ​តែ​ជា​កម្លាំង​ដ៏​ក្រៃ​លែង ក្នុង​ការ​ប្រកប​ការ​ងារ​ដូច​សំដែង​មក​នេះ ទើប​មាន​ឈ្មោះ​ថា​ ពលៈ ។ មួយ​ទៀត​ធម៌​ទាំង​៥ ប្រការ​នេះ មាន​ឈ្មោះ​ថា ឥន្រ្ទិយៈ ដោយ​អធិប្បាយ​ថា៖ ជា​ធំ​ក្នុង​កិច្ច​របស់​ខ្លួន គឺ​សទ្ធា​ក៏​ជា​ធំ​ខាង​ចំណែក​សទ្ធា វិរិយៈ ក៏​ជា​ធំ​ខាង​វិរិយៈ សតិ​ក៏​ជា​ធំ​ខាង​ចំណែក​សតិ​ សមាធិ​ក៏​ជា​ធំ​ខាង​ចំណែក​សមាធិ, បញ្ញា​ក៏​ជា​ធំ​ខាង​ចំណែក​បញ្ញា, ជា​ធំ​ផ្សេងៗ​គ្នា មិន​បាច់​អាស្រ័យ​គ្នា ដូច​ពលៈ​ទេ ព្រោះ​ហេតុ​នោះ ទើប​មាន​ឈ្មោះ​ថា​ឥន្រ្ទិយៈ ។

ហេតុ​ដូច​ម្តេច​បាន​ជា សទ្ធា, វិរិយ, សតិ, សមាធិ,​ បញ្ញា, ទើប​មាន​ឈ្មោះ​ថា​ធម៌​ជា​កម្លាំង ឬ​ជា​ធំ​ក្នុង​កិច្ច​របស់​ខ្លួន ?

កម្លាំង ​ជា​គ្រឿង​ទំនុក​បំរុង​អោយកិច្ចការ​ ដែល​ខ្លួន​ប្រាថ្នា​ប៉ុន​ប៉ង​បាន​ដល់​សេចក្ដី​សំរេច ដូច​យ៉ាង​ស្រុក​នគរ នឹង​មាន​ជ័យ​ជំនះ ឈ្នះ​សត្រូវ​ខាង​ក្រៅ​បាន​ ក៏​ត្រូវ​អាស្រ័យ​កម្លាំងទាហាន និង​កម្លាំង​ទ្រព្យ ដែល​ជា​គ្រឿង​ចិញ្ចឹម​គ្នា ដែល​ហៅ​ថា​កម្លាំង​កាយ​កម្លាំង​ទ្រព្យ មួយ​ទៀត​ការ​ដែល​ឈ្នះ​សត្រូវ​ខាង​ក្នុង ក៏​ត្រូវ​អាស្រ័យ​កម្លាំងការ​ឆ្លៀវ​ឆ្លាស ដែល​ប្រព្រឹត្ត​ទៅ​ដោយ​ប្រពៃ បើ​មិន​មាន​កម្លាំងទាំង​អម្បាល​នេះ​ទេ កិច្ច​ដែល​ខ្លួន​ប៉ុន​ប៉ង​នោះ ក៏​មិន​បាន​សម្រេច, សេចក្ដី​នេះ មាន​ឧបមា​យ៉ាង​ណា, កិច្ច​ខាង​ដើម​ដែល​បុគ្គល​គប្បី​ធ្វើ ក៏​ដូច្នោះ​ដែរ ។

បណ្ដា​កិច្ចការ​ ទាំង​ពួង ដែល​ត្រូវ​ធ្វើ​ដោយ​កាយ​តែង​អាស្រ័យ​ចិត្ត​ ព្រោះ​ចិត្ត​ជា​ធំ​ក្នុង​កិច្ចការ​ដែល​បង្គាប់​អវយវៈ​ទាំង​អស់ កាយ​ប្រៀប​ដូច​រូប​តុក្កតា ចិត្ត​ដូច​មនុស្ស​អ្នក​ទាញ រូប​តុក្កតា​ នឹង​ប្រព្រឹត្ត​ទៅ​យ៉ាង​ណា​ក៏​ព្រោះ​មនុស្ស​ទាញ ព្រោះ​ហេតុ​នេះ​ចិត្ត​មាន​កម្លាំង ទើប​ញ៉ាំង​កាយ​អោយក្លាហាន ប្រកប​កិច្ចការ​សម្រេច​តាម​សេចក្ដី​ប្រាថ្នា​បាន បើ​មិន​មាន​កម្លាំង​ចិត្ត​ទេ ក៏​នឹង​ធ្វើ​កិច្ច​ការ​អ្វី​មិន​កើត ដូច​បុគ្គល​ដែល​មាន​កម្លាំងខ្លាំង ល្មម​នឹង​ធ្វើ​កិច្ចការ​ទាំង​ពួង​បាន​ពិត តែ​បើ​ខ្វះ​សទ្ធា​គឺ​សេចក្ដី​ជឿ​ថា អំពើ​ដែល​ត្រូវ​ធ្វើ​នឹង​បាន​ផល​យ៉ាង​នេះ​ហើយ កាយ​ក៏​មិន​ប្រាថ្នា​នឹង​ធ្វើ សូម្បី​មាន​សទ្ធា​ជា​គ្រឿង​ឧបត្ថម្ភ​ហើយ ចិត្ត​ក៏​មិន​ងាយ​នឹង​ធ្វើ​អ្វី​កើត បើ​មិន​មាន​សេចក្ដី​ព្យាយាម​កាយ​ជួយ​ជា​កម្លាំង​ផង​ទេ ក៏​មិន​អាច​នឹង​ធ្វើ​អ្វី​បាន គ្រាន់​តែ​នឹក​ចង់​ មិន​ចេះ​អស់​ មិន​ចេះ​ហើយ​ប៉ុណ្ណោះ ។ ឯ​ប្រយោជន៍​ដែល​ត្រូវ​បាន ក៏​មិន​បាន​ដូច​បំណង ព្រោះ​ហេតុ​នោះ ទើប​ត្រូវ​អាស្រ័យ​សេចក្ដី​ព្យាយាម ។​ សេចក្ដី​ព្យាយាម​នេះ​ឯង អាចអោយ​បាន​សំរេច​ប្រយោជន៍​គ្រប់​យ៉ាង​ដល់​បុគ្គល ដែល​ប្រឹង​ប្រែង​ឧស្សាហ៍​ព្យាយាម​សន្សំ ធ្វើ​នូវ​កិច្ចការ​សព្វ​សារពើ ដោយ​មិន​ទំរន់​អាង​ដល់​ទោស​ខ្ជិល​ទាំង​៦​យ៉ាង មាន​មិន​ធ្វើ​ការងារ​ដោយ​អាង​ថា​ត្រជាក់​ណាស់ រងាណាស់​ជា​ដើម កាល​បើ​បុគ្គល មិន​ទំរន់​អាង​ដល់​ខ្ជិល​ហើយ មាន​សេចក្ដី​ឧស្សាហ៍​ព្យាយាម​ប្រកប​ការ​ងារ​ទាំង​ពួង ទ្រព្យ​សម្បត្តិ​នឹង​សម្បូណ៌​ពោរ​ពាស​ដល់​បុគ្គល​នោះ ដោយ​ឆាប់​រហ័ស ព្រោះ​តែ​បុគ្គល​នោះ មិន​មាន​សេចក្ដី​រួញ​រា​ចំពោះ​ក្ដៅ​និង​ត្រជាក់ ដូច​ជា​ស្មៅ​មិន​អើ​ពើ​នឹង​កំដៅ​ថ្ងៃ និង​ត្រជាក់ បើ​ទុក​ជា​ក្ដៅ​ត្រជាក់​យ៉ាង​ណា ក៏​ស្មៅ​មិន​រួញ​តឿ​ទាប​ចុះ​ទៅ​ឡើយ សេចក្ដី​នេះ​សម​ដូច​ពុទ្ធ​ភាសិត​ថា ៖

យោ  ច  សីតញ្ច  ឧណ្ហញ្ច  តិណា​ ​ ភិយ្យោ  ន  មញ្ញតិ,   ករំ  បុរិសកិច្ចានិ  សោ,  សុខា  ន  វិហាយតិ ។

សេចក្ដីថា ៖ នរជន​ណា​មួយ កាល​បើ​កំពុង​ធ្វើ​ការ​ងារ​ដែល​បុរស​ត្រូវ​ធ្វើ​នោះ មិន​សំគាល់​នូវ​ត្រជាក់​ និង​ក្ដៅ ដោយ​ក្រៃ​លែង​ជាង​ស្មៅ គឺ​ថា​មិន​អើ​ពើ​ក្នុង​ត្រជាក់​និង​ក្ដៅ ដូច​ជា​ស្មៅ នរជន​នោះ​ឯង​ នឹង​មិន​សាប​សូន្យ មិន​ឃ្លាត​ចេញ​ពី​សេចក្ដី​សុខ​ឡើយ ។

ម្យ៉ាង ទៀត​នរជន​ណា ​ដែល​ខ្ជិល​ច្រអូស​មិន​គិត​ប្រឹង​ប្រែង​រក​ទ្រព្យ​សម្បត្តិ គិត​តែ​ដើរ​លេង​ស៊ី​ផឹក សេព​គប់​នឹង​មិត្ត​អាក្រក់ ជា​មនុស្ស​ កកែ កករ រក​តែ​រឿង​ទាស់​ទែង មនុស្ស​បែប​នេះ មិន​ងាយ​នឹង​ធ្វើ​ខ្លួន​អោយបាន​សេចក្ដី​សុខចំរើន ទេ​មាន​តែ​សេចក្ដី​វិនាស​ម្យ៉ាង កាល​ដែល​ខ្លួន​នៅ​មាន​កម្លាំង​កំហែង​មាំ​មួន​រឹង​ប៉ឹង មិន​ប្រឹង​រក​ទ្រព្យ​សម្បត្តិ​មក​ទុក​ដាក់ អោយគង់​វង្ស​នៅ​ស្ថិត​ស្ថេរ​ចិរកាល​ត​ទៅ​ទេ ព្រោះ​តែ​សេចក្ដី​ប្រមាទ​ខ្ជិល​ច្រអូស​ចូល​មក​លុក​លុយ​ម្ល៉ោះ​ហើយ​ទ្រព្យ​សម្បត្តិ​ពី​ណា​ នឹង​កើត​មាន? កាល​បើ​មិន​មាន​ទ្រព្យ​សម្បត្តិ​ហើយ សេចក្ដី​សុខ​ក៏​មិន​មាន​ឡើយ លុះ​ដល់​យូរ​ទៅ​សម្លៀក​បំពាក់​ ក៏រហែក​អស់ ដើរ​អាវ៉ា​សែ អនាថា​ឥត​ទីពឹង ដេក​ដោយ​ម្លប់​ឈើ ចិញ្ចើម​ថ្នល់​ធ្វើ​ភ្នែក​ភ្លឹះៗ ទាំង​ចំណី​អាហារ​សោត​ទៀត ស្ទើរ​តែ​រក​បំពេញ​ពោះ​មិន​បាន បើ​បាន​ក៏​បាន​ដោយ​ថោក​ទាប មនុស្ស​ដែល​ធ្លាក់​ខ្លួន​ទៅ​កាន់​ឋានៈ ដ៏​ថោក​ទាប​យ៉ាង​នេះ​ឯង ព្រោះ​តែ​មិន​មាន​សេចក្ដី​ឧស្សាហ៍​ព្យាយាម​ប្រឹង​ប្រែង​រក​ទ្រព្យ​សម្បត្តិ ជា​មនុស្ស​ខ្ជិល​ច្រអូស បាន​ជា​ធ្លាក់​ខ្លួន​ទៅ​កាន់​ឋានៈ ដើរ​ថោក​ទាប​យ៉ាង​នេះ ។

ព្រោះ​ហេតុ​នេះ គួរ​យើង​ខំ​ប្រឹង ប្រកប​ការ​ងារ​អោយយ​ម៉ឹង​ម៉ាត់​ឡើង ត្រូវ​កំចាត់​បង់​សេចក្ដី​ខ្ជិល​ច្រអូស​ចេញ​ពី​ខន្ធ​សន្ដាន ហើយ​ញ៉ាំង​វិរិយៈ សេចក្ដី​ព្យាយាម​ប្រឹង​ប្រែង​អោយកើត​មាន​ឡើង កាល​ណា​បើ​មាន​វិរិយៈ ហើយ​ទ្រព្យ​សម្បត្តិ​គង់​តែ​កើត​មាន​ពិត​ប្រាកដ ។

មួយទៀត មាន​នរជន​ពួក​ខ្លះ​ច្រើន​ប្រកាន់​លទ្ធិ ​យថាកម្ម គឺ​លទ្ធិ​ដែល​ធ្វើ​អ្វី​ហើយ​មិន​ប្រឹង​ប្រែង​ធ្វើ​អោយមែន​ទែន​ទេ ធ្វើ​ទៅ​តាម​បុណ្យ​តាម​កម្ម​ដោយ​ជឿ​ថា បើ​បុណ្យ​យើង​មាន​ចាំ​បាច់​ទៅ​ធ្វើ​ប៉ុន្មាន យើង​គង់​តែ​នឹង​បាន​ជា​សេដ្ឋី ជា​អ្នក​មាន ជា​ដើម​មិន​ខាន ដល់​គិត​ដូច្នេះ​ហើយ ធ្វើ​អ្វី​ក៏​សុទ្ធ​តែ​សោះ​អង្គើយ​ទាំង​អស់ រៀន​សូត្រ​ក៏​មិន​ពិត​ប្រាកដ​ ធ្វើ​ជំនួញ​ជួញ​ប្រែ​អ្វី​ក៏​មិន​ប្រឹង​ប្រែង ធ្វើ​ស្រែ​កាប់​ចំការ​ច្បារ​ដំណាំ​ក៏​មិន​ខ្នះ​ខ្នែង អាង​ឡើង​តែ​ស្រែក​បន់​ស្រន់​អំពាវ​នាវ​រក​ទេញ្ដ អោយលោក​ចុះ​មក​ជួយ ។ ពុំ​គួរ​អោយទេញ្ដ​ជួយ​ទន្ទេញ អោយ​ជួយ​លក់​ដូរ​ អោយបាន​ជា​ធំ​ឆាប់ អោយបាន​ចំណេញ​មាន​កំរៃ​ច្រើន​ដូច្នោះ​ទេ បន់​ស្រន់​អោយទេញ្ដ​ជួយ​យក​ទឹក​និង​ដី​ មក​ចាក់​ស្រែ​ចំការ​ច្បារ​ដំណាំ​អោយ ដើម្បី​អោយលូត​លាស់​មាន​ផ្លែ​ផ្កា​សម្បូណ៌​ឡើង​មិន​គិត​ខំ​ប្រឹង​រៀន​ សូត្រអោយមែន​ទែន​ឡើយ តស៊ូ​នឹង​សេចក្ដី​លំបាក​គ្រប់​យ៉ាង មិន​ខំ​ប្រឹង​ប្រែង​ធ្វើ​ជំនួញ​ជួញ​ប្រែ​ដោយ​យក​ចិត្ត​ទុក​ដាក់ អត់​ធន់​នឹង​ឧបស័គ្គ​គ្រប់​ផ្លូវ​ ស៊ូទ្រាំ​នឹង​សេចក្ដី​លំបាក​នឿយ​ហាត់​គ្រប់​ប្រការ មិន​ខំ​ភ្ជួរ​រាស់​កាប់​ឆ្កា អោយ​ម៉ឺង​ម៉ាត់ បាច​ទឹក​បញ្ចូល ឬ​ជីក​ប្រឡាយ​បង្ហូរ​ទឹក រក​ជី​ចាក់​ដោយ​សេចក្ដី​ខ្មី​ឃ្មាត​នោះ​ឡើយ គិត​តែ​បន់​ស្រន់​ទេញ្ដ​តែ​ម្យ៉ាង​កាល​បើ​មាន​សេចក្ដី​សង្ឃឹម នៅ​លើ​ទេញ្ដ​ដូច្នោះ​ហើយ សេចក្ដី​ប្រឹង​ប្រែង​គ្រប់​ផ្លូវ ក៏​បន្ធូរ​បន្ថយ​ចេញ​ទៅ​អស់​ដេក​ចាំ​មើល​ផ្លូវ​ទេញ្ដ​ចុះ​មក​ជួយ មិន​ដឹង​ទេញ្ដ​ណា ក៏​នឹង​ចាំ​តែ​ចុះ​មក​ជួយ​អ្នក​នោះ បើ​ទៅ​កើត​ជា​ទេញ្ដ​ហើយ នៅ​តែ​ត្រូវ​វេន​ចុះ​មក​ជួយ​រៀន​សូត្រ​សិក្សា​ជួយ​លក់​ជួយ​ដូរ ជួយ​ភ្ជួរ​ស្រែ​កាប់​ចំការ អោយមនុស្ស​អោយលំបាក​ដូច្នោះ​ទៀត តើ​ចាំ​បាច់​ទៅ​កើត ជា​ទេញ្ដ​ធ្វើ​អ្វី? នៅ​ជា​មនុស្ស​លោក​វិញ​ ស្រួល​ជាង​ទៅ​កើត​ជា​ទេញ្ដ បើ​នៅ​តែ​មក​ជួយ​ធ្វើ​ការ​ដដែល​ដូច្នោះ ។

បើ​បន់​ស្រន់​ទៅ លោក​ជួន​ជា​ថ្ងៃ​ណា ខែ​ណា ឆ្នាំ​ណា បាន​ប្រទះ​ត្រូវ​បំណន់​របស់​ខ្លួន ក៏​តាំង​សរសើរ​ភ័ព្វ​សំណាង ថា​ទេញ្ដ​ជួយ​ខ្លួន​ ទេញ្ដ​មាន​ឫទ្ធិ​មាន​អំណាច លក់​មិន​ដាច់​ខាត​ទុន ធ្វើ​ស្រែ​ចំការ​មិន​បាន​ផល ក៏​តោង​ជេរ​ប្រទេច​ផ្ដាសា​ដល់​ពួក​ទេញ្ដ ដោយ​ពាក្យ​ទ្រគោះ​បោះ​បោក​ផ្សេងៗ កាល​បើ​មាន​សេចក្ដី​ប្រមាទ​ចូល​មក​លុក​លុយ​ក្នុង​ខ្លួន​ធ្វើ​អោយចិត្ត​កករ​ ល្អក់​សៅ​ហ្មង​ដូច្នោះ​ហើយ ក៏​ចេះ​តែ​ហិន​ហោច​ចុះ​ឥត​មាន​សេចក្ដី​ចំរើន​លូត​លាស់​ដុះ​ដាល​ទៅ​មុខ​ឡើយ លទ្ធិ​បែប​នេះ​ហើយ ដែល​ហៅ​ថា លទ្ធិ យថាកម្ម គឺ​ធ្វើកិច្ចការ​អ្វី​ផង​ទាំង​ពួង​សុទ្ធ​តែអោយ​ទេញ្ដ​ចុះ​មក​ជួយ​សំរេច​អោយទាំង​អស់ មិន​ប្រឹង​អោយបាន​សំរេច​ដោយ​ខ្លួន​ឯង​ទេ លទ្ធិ យថាកម្ម​ នេះ បើ​មាន​នៅ​លើ​រូប​បុគ្គល​ណា​ហើយ​ត្រូវ​លះ​ចោល​ចេញ ​កុំអោយអប្ប​វ​មង្គល​នេះ នៅ​បាន​ឡើយ ។

ព្រោះ​ហេតុ​នោះ នរជន​ដែល​ប្រាថ្នា​នូវ​សេចក្ដី​ចំរើន​ដល់​ខ្លួន ត្រូវ​ប្រឹង​អោយពេញ​ដៃ​ពេញ​ជើង​ឡើង ប្រឹងអោយ​អស់​ពី​ចិត្ត​ឡើង កុំ​ធ្វើ​អ្វី ដោយ​ផ្សង​សំណាង​ថា ៖​ មើ! បើ​សំណាង​យើង​មាន យើង​បាន​សាង​ទុក​ពី​មុន​មក កិច្ចការ​របស់​យើង​នោះ គង់​តែ​នឹង​បាន​សំរេច​ដល់​យើង​ជា​មិន​ខាន​ទេ ។

ការ​ដែល​ជន​ធ្វើ​អ្វីៗ ហើយ​គិត​ដូច្នេះ​នេះ​ពុំ​ប្រពៃ​ឡើយ សំណាង​ដែល​យើង​បាន​សាង​មក​នោះ ក៏​គឺ​បាន​ចាត់​អោយយើង​មក​កើតជា​មនុស្ស​ ចាត់​អោយយើង​មាន​អវយវៈ គ្រប់​គ្រាន់​មិន​ខ្វះ​ខាត មិន​វិកល​វិការ​ដៃ​ជើង​បាក់​ភ្នែក​ខ្វាក់ ត្រចៀក​ថ្លង់​នោះ​ហើយ ត្រង់​ដែល​ធ្វើ​របរ​អ្វី​ផង​ទាំង​ពួង​នោះ ក៏​ស្រេច​តែ​នឹង​យើង​ត្រូវ​ធ្វើ​ខ្លួន​ឯង សំណាង​ក៏​មិន​អាច​នឹង​បង្ហូរ​ទ្រព្យ​សម្បត្តិ ឬ​កិច្ចការ​សព្វ​ជំពូក​មក​អោយយើង​បាន ក្នុង​ពេល​ដែល​យើង​មិន​ធ្វើ​អ្វី​សោះ​នោះ​ទេ សំណាង​ក៏​មិន​លះ​បង់​ចោល​យើង​ស្មោះ គង់​តែ​នឹង​ជួយ​យើង​ត​ទៅ បើ​យើង​ខំប្រឹង​ធ្វើ​កិច្ចការ​ទាំង​ពួង ដោយ​យក​ចិត្ត​ទុក​ដាក់​តែ​សំណាង​នឹង​លះ​បង់​ចោល​យើង​នោះ នឹង​មិន​ជួយ​យើង​ក្នុង​កាល​ដែល​យើង​ដេក​នៅ​ស្ងៀម​មិន​ធ្វើ​អ្វីៗ ខំ​តែ​ស្រែក​ហៅ​ព្រែង​សំណាង​ទទេ ។ នោះ​ហើយ​នឹង​មិន​ជួយ​យើង​ក្នុង​វេលា​ដែល​ធ្វើ​ការ​ងារ បែប​សោះ​អង្គើយ​ដោយ​មិន​យក​ចិត្ត​ទុក​ដាក់? ហើយ​ត្រូវ​ខំ​ធ្វើ​កិច្ចការអោយ​ពេញ​កម្លាំង​តែ​ម្យ៉ាង បើ​មាន​ឧស្សាហ៍​ព្យាយាម​ យក​ចិត្ត​ទុក​ដាក់ ដោយ​ម៉ឺង​ម៉ាត់​ចំពោះ​កិច្ចការ​ដែល​ខ្លួន​ត្រូវ​ធ្វើ​នោះ ទ្រព្យ​សម្បត្តិ​នឹង​កើត​ប្រាកដ កាល​បើ​មាន​ទ្រព្យ​សម្បត្តិ​ហើយ​សេចក្ដី​សុខចំរើន តែង​តែ​ហុច​អោយរាល់​កាល​រាល់​វេលា ក្នុង​បច្ចុប្បន្ន​នេះ រហូត​ទៅ​ដល់​បរ​លោក​នាយ ។

វិរិយៈ​សេចក្ដី​ព្យាយាម​នេះ ជា​ហេតុ​អោយបាន​សំរេច​សេចក្ដី​ប្រាថ្នា​គ្រប់​យ៉ាង ព្រោះ​ហេតុ​នោះ បាន​ជា​ចាត់​ថា​មាន​កម្លាំង ទើប​អាច​ធ្វើ​ការ​ទាំង​ពួង​ពេញ​កម្លាំង ដែល​គួរ​ធ្វើ​ទៅ​បាន ព្រោះ​ហេតុ​នោះ ​ត្រូវ​ប្រើ​កម្លាំង​សតិ បំពេញ​ឡើង​ទៀត ដើម្បី​ជា​ជំនួយ​ចិត្ត អោយមាន​កម្លាំង​ហើយ​បង្គាប់​កាយ​ អោយធ្វើ​ការ​ទាំង​ពួង ដែល​ខ្លួន​យើង​ត្រូវ​ការ​ពិតៗ តែ​ការ​ដែល​សតិ​ជា​គ្រឿង​ត្រួត​ត្រា​កម្លាំង​ក្លាហាន​នឹង​នៅ​ក្នុង​អារម្មណ៍​តែ​មួយៗ ដោយ​ហេតុ​នេះ ​ត្រូវ​អាស្រ័យ​កម្លាំងគឺ​សមាធិ​ទៀត ទើប​រិត​តែ​មាន​កម្លាំងច្រើន​ឡើង ។ ក៏​កម្លាំង​ត្រឹម​តែ​ប៉ុណ្ណេះ មិន​សូវ​ពូកែ​ណាស់​នៅ​ឡើយ​ទេ បើ​ការ​ធំៗ ក៏​ល្មម​សំរេច​បាន​ដូច​ប្រាថ្នា បើ​កិច្ច​ណា​ដែល​ល្អិត​ជ្រាល​ជ្រៅ ជា​របស់​កំបាំង​ដូច​ជា​កិលេស ដែល​ដេក​ត្រាំ​នៅ​ក្នុង​សន្ដាន ហើយ​ប្រើ​ត្រឹម​តែ​កម្លាំង​ប៉ុណ្ណោះ ក៏​មិន​អាច​នឹង​កម្ចាត់​ទៅ​បាន​ឡើយ ។ លុះ​តែ​អាស្រ័យ​បញ្ញា ​រក​ហេតុ​ផល​ អោយដឹង​តាម​ការពិត​ជា​គ្រឿង​យឹត​យោង​ផង ទើប​អាច​អោយកិច្ច​ទាំង​នោះ ​សម្រេច​ទៅ​បាន។

អធិប្បាយ​មក​ត្រឹម​តែ​ប៉ុណ្ណេះ ក៏​អាច​នឹង​បាន​ជា​គ្រឿង​សំគាល់​កម្លាំង​ចិត្ត​ប្រការ ១ សម​ដូច​ជា​ពុទ្ធ​ភាសិត ដែល​សំដែង​ចំពោះ​ ព្រះបាទ​បសេនទិកោសល​ ថា ៖ 

"អាបទាសុ  ខោ  មហារាជ  ថាមោ  វេទិតព្ពោ.  សោ  ច  ខោ  ទីឃេន  អទ្ធុនា  ន  ឥត្តរំ, មនសិករោតា នោ អមនសិករោតា, បញ្ញវតា នោ ទុប្បញ្ញេន."

សេចក្ដី​ថា "បពិត្រ​មហាររាជ​! កម្លាំង​ចិត្ត​បណ្ឌិត​គប្បី​ដឹង​បាន ក្នុង​អន្ដរាយ​ទាំង​ឡាយ និង កម្លាំងចិត្តនេះឯងបណ្ឌិត​គប្បី​ដឹង​បាន ដោយរយៈកាលវែងឆ្ងាយ មិនមែនដោយរយៈកាលបន្តិបន្តួច  មនសិការគប្បី​ដឹង​បាន មិនមនសិការ មិនគប្បី​ដឹង​បាន បណ្ឌិតជាអ្នកមានបញ្ញាគប្បី​ដឹង​បាន បុគ្គលអ្នកមានបញ្ញាអាក្រក់ មិនគប្បី​ដឹង​បាន ។

កម្លាំង​ចិត្ត​បែប​នេះ អាច​ធ្វើ​បុគ្គល​អោយជា​ឥស្សរជន​បាន ឥស្សរជន​ ដែល​ប្រកប​ដោយ​កម្លាំង​ចិត្ត​បែប​នេះ​ហើយ រមែង​រក្សា​សេចក្ដី​សុខ​សំរាន្ដ​របស់​ខ្លួន និង​បុគ្គល​ដទៃអោយយ​ស្ថិត​ស្ថេរ​នៅ​បាន​ដូច្នេះ​ជា​ដើម ទើប​ជា​គុណ​គួរ​សព្វសាធុជន​ទាំង​ឡាយ​ប្រាថ្នា​ណាស់ ព្រោះ​ថា​មនុស្ស​ទាំង​ឡាយ​ជា​ច្រើន ដែល​ទៅ​ជា​មនុស្ស​ឥត​ប្រយោជន៍​ ប្រើ​ការ​មិន​កើត​នោះ ព្រោះ​ខ្វះ​ធម៌​៥ប្រការ​នេះ ជា​គ្រឿង​ជួយ​កម្លាំងចិត្ត ធម៌​ទាំង​៥ប្រការ​នេះ មាន​អធិប្បាយ​ថា ជា​កម្លាំង​ដូច្នេះ​ឯង ៕

អត្ថបទដោយ ៖ ព្រះ​មហា​យ៉ត-ទ្រលន់ វត្តលង្កា ក្រុង​ភ្នំពេញ​ ទេសនា​ដាក់​វិទ្យុ​ឃោសន​សព្ទ​នៃ​ប្រទេស​កម្ពុជា កាល​ពី​ថ្ងៃ ១៥ រោច ខែ កត្តិក ឆ្នាំ​ជូត​សំរិទ្ធិស័ក ព.ស. ២៤៩១ (១-១២-៤៨) (មានបំពេញបន្ថែមប្រយោគព្រះបាលីនិងសេចក្ដីខ្លះ)


អត្ថបទផ្សេងៗ៖ ជួនកាល “រាជសីហ៍ឈរយ៉ាងសង្ហា” ក៏ធ្លាប់ជា “ឆ្កែទាល់ច្រក” ពីមុនមកដែរ , សេចក្តីប្រមាទជាផ្លូវនៃសេចក្តីស្លាប់ "មហាសង្រ្កាន្តឆ្នាំថ្មី វិថីជីវិតស្ថិតលើគន្លងធម៌" , ការធ្វើដំណើររបស់ដួងវិញ្ញាណក្រោយមរណកាល , ទិវាបុណ្យវិសាខបូជា , អត្ថន័យនិងសារសំខាន់នៃថ្ងៃបុណ្យវិសាខបូជាមានអ្វីខ្លះទៅ ? , សេចក្តីប្រមាទជាផ្លូវនៃសេចក្តីស្លាប់ "មហាសង្រ្កាន្តឆ្នាំថ្មី វិថីជីវិតស្ថិតលើគន្លងធម៌" , ករុណាយ  ទិនំ  ហោតិ  មាឃបូជាធ  សាសនេ  :  មាឃបូជាទិវានៃសេចក្ដីស្រឡាញ់ , ជីវិតត្រូវសិក្សា បញ្ញាត្រូវអប់រំ , គុណធម៌ទាំង១០​ ជាទ្រព្យរបស់អ្នកដឹកនាំ , អប្បកញ្ចិទំ ជីវិតមាហុ ធីរា​ - ​ជាការពិតណាស់ ប្រាជ្ញទាំងឡាយបានពោលទុកថា ជីវិតនេះខ្លីណាស់ , តួនាទីរបស់ព្រះភិក្ខុសង្ឃមានអ្វីខ្លះទៅ? , អានិសង្ស​របស់និច្ចសីល ឬហៅថាសីល ៥ មានអ្វីខ្លះទៅ? , លោកវជ្ជកថា , សំណាកស្លាកស្នាមព្រះពុទ្ធបដិមារបស់លាវដែលនៅសេសសល់បន្ទាប់ពីទីក្រុងវៀងច័ន្ទន៍ត្រូវបានដុតបំផ្លាញចោល​ , ជីវិតត្រូវសិក្សា បញ្ញាត្រូវអប់រំ , "ពលធម៌" មានន័យយ៉ាងម៉េចទៅ ? , ទោសនៃការសេពគ្រឿងស្រវឹងដែលកើតក្នុងជីវិតអ្នកប្រព្រឹត្ត ,​ រើសយកអាជីពណា ត្រូវក្លាហានក្នុងអាជីពនោះ

Previous Post
Next Post

post written by:

0 comments: