ជីវិតត្រូវសិក្សា បញ្ញាត្រូវអប់រំ
យើងច្រើនតែឮពាក្សយថា ជីវិត គឺ ការសិក្សា ការសិក្សា គឺ ការកែប្រែជីវិត តើជីវិតគឺជាអ្វី? នេះជាសំណួររបស់មនុស្ស ស្ទើរតែគ្រប់គ្នាតដែលបានកើតជាមនុស្សហើយ ដើម្បីចូលរួមចំណែកក្នុងការឆ្លើយនឹងចម្ងល់ដ៏ធំនេះ ស្មេរក៏ត្រូវអធិប្បាយរំគាយសេចក្ដីទៅតាមសតិបញ្ញាដែលឆ្លងកាត់ការសិក្សាអំពីជីវិតមក។
ជីវិត គឺ ការរស់នៅ ការរស់នៅគឺជាអ្វី? ការរស់នៅគឺ ការដែលមានខ្យល់ដកដង្ហើមចេញចូលបាន ឬ ការរស់នៅ ដោយអាស្រ័យគ្រឿងផ្សព្វផ្សើមផ្សេងៗ ប៉ុន្តែនៅទីនេះនិយាយតែពីការរស់នៅរបស់មនុស្សប៉ុណ្ណោះ ខ្យលដកដង្ហើមរបស់មនុស្សមាន ២ យ៉ាងគឺ ខ្យល់ដកដង្ហើមចេញ និង ខ្យល់ដកដង្ហើមចូល បើខ្វះខ្យល់ដកដង្ហើមចេញចូល ជីវិតនេះក៏ឈ្មោះថា មានខ្យល់ដកដង្ហើមទៅប្រាសហើយ ដែលយើងដឹងឮជាទូទៅថា ដាច់ខ្យល់ ឬ ស្លាប់បាត់បង់ជីវិត ។ល។ ប៉ុន្តែមុននឹងចូលដល់កម្រិតនៃការផុតរលត់ខ្យល់ដកដង្ហើម មនុស្សត្រូវមានជីវិតរស់នៅសិន កាលបើត្រូវរស់នៅលើលោកនេះ មនុស្សត្រូវតែតស៊ូជាមួយនឹងឧបសគ្គរបស់ជីវិត ឧបសគ្គរបស់ជីវិត គឺ កង្វះបច្ច័យគ្រឿងទ្រទ្រង់ជីវិត ពោលគឺ មនុស្សត្រូវប្រើប្រាស់គ្រឿងឧបភោគបរិភោគ ដើម្បីទ្រទ្រង់ជីវិត កាលបើតម្រូវការរបស់មនុស្សត្រូវអាស្រ័យលើគ្រឿងឧបភោគបរិភោគបែបនេះ មនុស្សចាំបាច់ត្រូវតែត្រដរតស៊ូស្វែងរកអ្វីទាំងអស់នេះ ដើម្បីបំពេញកង្វះខាត ក្នុងការស្វែងរកបច្ច័យគ្រឿងទ្រទ្រង់ជីវិត ច្បាស់ណាស់ថា មនុស្សត្រូវតែមានបញ្ញាក្នុងការស្វែងរក បើខ្វះបញ្ញាដែលជាឧបករណ៍ក្នុងការស្វែងរកទេ ច្បាស់ជាពិបាកនឹងស្វែងរកគ្រឿងឧបភោគបរិភោគទាំងនោះណាស់។
ធនាករធម្មជាតិកើតមានដើម្បីមនុស្ស ប៉ុន្តែមានចំនួនកម្រិត ហេតុនោះ ក្នុងការស្វែងរកទ្រព្យ មនុស្សត្រូវប្រណាំងប្រជែងគ្នា ឬ ប្រទាញប្រទង់គ្នា ដើម្បីបានមកនូវអ្វី ដែលហៅថា ទ្រព្យសម្បត្តិ។ បញ្ញា ចាត់ជាឧបករណ៍ស្វែងរកទ្រព្យបានយ៉ាងប្រសើរ ប៉ុន្តែ បញ្ញា មិនមែនកើតឡើងឯងៗនោះទេ បញ្ញាកើតឡើងបានត្រូវឆ្លងកាត់ការសិក្សារៀនសូធ្យ ការសិក្សចាត់ជាប្រព័ន្ធអភិវឌ្ឍបញ្ញាមនុស្ស (សុតំ បញ្ញាយ វិឌ្ឍនំ) មនុស្សដែលកើតមកហើយលើលោកនេះត្រូវតែអភិវឌ្ឍបញ្ញា ប្រសិនបើមិនអភិវឌ្ឍបញ្ញាទេ ក៏ក្លាយទៅជាមនុស្សអប្បបញ្ញា (បើប្រទេសជាតិ ត្រូវតែអភិវឌ្ឍឲ្យរីកចម្រើន បើមិនអភិវឌ្ឍទេ ក៏ក្លាយទៅជាប្រទេសអប្បាភិវឌ្ឍន៍ Underdeveloped Country)
កម្លៅជួយជាន់ពន្លិចជីវិតមនុស្សដែលខ្វះការសិក្សារៀនសូធ្យ ក្នុងការស្វែងរកចំណេះដឹងនោះ ពាក្យថា ខ្ជិលច្រអូស បុគ្គលអ្នកស្រលាញ់ការសិក្សា មិនត្រូវឲ្យមានឡើយ ព្រះសម្មាសម្ពុទ្ធជាម្ចាស់ត្រាស់ថា បញ្ញាយ មគ្គំ អលសោ ន វិន្ទតិ បុគ្គលខ្ចិលច្រអូសតែងមិនពើបប្រទះផ្លូវនៃបញ្ញា សម្ដែងថា ព្រះអង្គត្រាស់ដាស់តឿនមនុស្សឲ្យស្វែងរកបញ្ញាដោយសេចក្ដីឧស្សាហ៍ព្យាយាម ព្រោះបញ្ញាមិនមែនកើតឡើងដោយសេចក្ដីខ្ចិលច្រអូសនោះទេ ព្រះសម្មាសម្ពុទ្ធជាម្ចាស់មុននឹងបានត្រាស់ដឹងសច្ចធម៌ទាំងពួងនោះ ព្រះអង្គបានទទួលការសិក្សារៀនសូធ្យពី សម្នាក់នៃគ្រូវិទ្យាចារ្យជាច្រើននាក់ និយាយម្យ៉ាងទៀតថា ព្រះអង្គជាអ្នកស្រឡាញ់ការសិក្សាតាំងពីក្មេងមក សូម្បីតែការចេញពីវាំងទៅបួស ក៏កើតចេញពីការសិក្សាស្រាវជ្រាវទាក់ទងនឹងជីវិតរបស់មនុស្សដែរ ប៉ុន្តែការសិក្សារបស់ព្រះអង្គមិនមែនផ្ដោតតែលើចំណេះដឹងតែម្យ៉ាងប៉ុណ្ណោះទេ ប៉ុន្តែការសិក្សារបស់ព្រះអង្គផ្ដោតទៅលើការស្វែងរកច្រកចេញឲ្យដល់ជីវិត ទីបំផុត ព្រះអង្គក៏អាចរកឃើញច្រកចេញរបស់ជីវិតបាន សមដូចពាក្យដែលព្រះអង្គត្រាស់ថា សត្វលោកឆ្លងទុក្ខលំបាកបានដោយសេចក្ដីព្យាយាម (វិរិយេន ទុក្ខមច្ចេតិ) មានន័យថា ព្រះអង្គបានបញ្ចប់ការសិក្សាអំពីជីវិតមនុស្សហើយដោយសេចក្ដីព្យាយាមរបស់ខ្លួនឯង បានសម្រេចដល់គោលបំណងខ្ពង់ខ្ពស់របស់ជីវិតហើយ ការសិក្សាអំពីជីវិតរបស់មនុស្សនោះ ព្រះអង្គមិនបានសិក្សាក្នុងស្ថាប័នការសិក្សា ឬ មហាវិទ្យាល័យណានោះទេ ប៉ុន្តែព្រះអង្គបានសិក្សាក្នុងថ្នាក់មហាលោកាល័យធម្មជាតិ សញ្ញាបត្រដែលព្រះអង្គទទួលបានក្នុងការសិក្សានេះមានឈ្មោះថា អនុត្តរសម្មាសម្ពោធិញាណ ជាសញ្ញាបត្រសម្ដែងដល់ចំណេះដឹងដែលទាក់ទងនឹងការរកឃើញធម្មជាតិពិតរបស់ជីវិតបានយ៉ាងត្រឹមត្រូវដែលចំណេះដឹងនេះគ្មានវិទ្យាចារ្យជាមនុស្សឬព្រះអាទិទេពណាជាអ្នកបង្ហាត់បង្រៀនព្រះអង្គនោះទេ បញ្ញាញាណនេះកើតឡើងដោយសេចក្ដីប្រឹងប្រែងរបស់ព្រះអង្គផ្ទាល់ ក្រោយពីព្រះអង្គរកឃើញសច្ចធម៌របស់ជីវិតហើយ ព្រះអង្គក៏យកសច្ចធម៌ទាំងនោះទៅបង្ហាត់បង្រៀនដល់ញាតិវង្ស និងមនុស្សលោក តទៅ រហូតដល់ព្រះអង្គផុតរលត់ខ្យល់ដកដង្ហើមទៅនៅព្រះជន្ម ៨០ ឆ្នាំ។
ដូច្នេះ ឃើញថា ការសិក្សាស្រាវជ្រាវពិតប្រាកដរបស់មនុស្ស គឺ ការសិក្សាស្រាវជ្រាវរកច្រកចេញឲ្យជីវិត ដើម្បីឲ្យជីវិតរួចផុតចាកទុក្ខលំបាក ដែលមានព្រះពុទ្ធជាម្ចាស់ជាគំរូស្រាប់ ៕
អត្ថបទដោយ ៖ មហាភិរម្យ
អត្ថបទផ្សេងៗ៖ ជួនកាល “រាជសីហ៍ឈរយ៉ាងសង្ហា” ក៏ធ្លាប់ជា “ឆ្កែទាល់ច្រក” ពីមុនមកដែរ , សេចក្តីប្រមាទជាផ្លូវនៃសេចក្តីស្លាប់ "មហាសង្រ្កាន្តឆ្នាំថ្មី វិថីជីវិតស្ថិតលើគន្លងធម៌" , ការធ្វើដំណើររបស់ដួងវិញ្ញាណក្រោយមរណកាល , ទិវាបុណ្យវិសាខបូជា , អត្ថន័យនិងសារសំខាន់នៃថ្ងៃបុណ្យវិសាខបូជាមានអ្វីខ្លះទៅ ? , សេចក្តីប្រមាទជាផ្លូវនៃសេចក្តីស្លាប់ "មហាសង្រ្កាន្តឆ្នាំថ្មី វិថីជីវិតស្ថិតលើគន្លងធម៌" , ករុណាយ ទិនំ ហោតិ មាឃបូជាធ សាសនេ : មាឃបូជាទិវានៃសេចក្ដីស្រឡាញ់ , ជីវិតត្រូវសិក្សា បញ្ញាត្រូវអប់រំ , គុណធម៌ទាំង១០ ជាទ្រព្យរបស់អ្នកដឹកនាំ , អប្បកញ្ចិទំ ជីវិតមាហុ ធីរា - ជាការពិតណាស់ ប្រាជ្ញទាំងឡាយបានពោលទុកថា ជីវិតនេះខ្លីណាស់ , តួនាទីរបស់ព្រះភិក្ខុសង្ឃមានអ្វីខ្លះទៅ? , អានិសង្សរបស់និច្ចសីល ឬហៅថាសីល ៥ មានអ្វីខ្លះទៅ? , លោកវជ្ជកថា , សំណាកស្លាកស្នាមព្រះពុទ្ធបដិមារបស់លាវដែលនៅសេសសល់បន្ទាប់ពីទីក្រុងវៀងច័ន្ទន៍ត្រូវបានដុតបំផ្លាញចោល , ជីវិតត្រូវសិក្សា បញ្ញាត្រូវអប់រំ , "ពលធម៌" មានន័យយ៉ាងម៉េចទៅ ? , ទោសនៃការសេពគ្រឿងស្រវឹងដែលកើតក្នុងជីវិតអ្នកប្រព្រឹត្ត , រើសយកអាជីពណា ត្រូវក្លាហានក្នុងអាជីពនោះ
0 comments: