សំណាកស្លាកស្នាមព្រះពុទ្ធបដិមារបស់លាវដែលនៅសេសសល់បន្ទាប់ពីទីក្រុងវៀងច័ន្ទន៍ត្រូវបានដុតបំផ្លាញចោល..!! លាវធ្លាប់ស្ថិតក្រោមអាណាចក្រសៀម ១១៤ ឆ្នាំ
ប្រវត្ដិសាស្ដ្រដ៏រុងរឿងរបស់លាវស្ថិតនៅក្នុងរជ្ជកាលស្តេចហ្វាងុម កូនប្រសារស្ដេចខ្មែរព្រះបាទចិត្រសេន ដែលបានរួបរួមអាណាចក្រលានដំរីដោយជោគជ័យក្នុងកំឡុងសតវត្សទី ៨ និង មានក្សត្រគ្រងរាជ្យបន្តបន្ទាប់ ។ ចំណេរកាលក្រោយមក បន្ទាប់ពីស្ដេចសុរិយវង្សាធម្មិករាជបានសោយទិវង្គតទៅ សមាជិករាជវង្សលាវបានដណ្ដើមគ្នាយករាជបល្ល័ង្ករហូតដល់អាណាចក្រលានដំរី បែកជា ៣ គឺ អាណាចក្រលានដំរីហ្លួងព្រះបាង អាណាចក្រលានដំរីវៀងច័ន្ទន៍ និង អាណាចក្រលានដំរីចំប៉ាស័ក្តិ ។
អាណាចក្រទាំង ៣ មិនចំណុះគ្នាទេ ស្ថិតនៅឯករាជ្យពីគ្នា ប៉ុន្តែអាណាចក្រនីមួយ ៗ មិនអនុគ្រោះគ្នាឡើយ តែងច្បាំងដណ្ដើមអធិបតេយ្យគ្នាទៅវិញទៅមក នៅពេលអាណាចក្រណាមួយចាលចាញ់អាណាចក្រមួយទៀត ក៏ចុះញ៉មនឹងអាណាចក្រជិតខាង ដូចជា អាណាចក្រសៀម និង ភូមា ជាដើម ដើម្បីស្នើសុំកម្លាំងទ័ពទៅកម្ចាត់អាណាចក្រលាវដទៃទៀត ។ ព្រោះតែចម្បាំងរវាងគ្នានិងគ្នានេះឯង អាណាចក្រលាវទាំង ៣ ក៏ត្រូវបានអាណាចក្រសៀមចូលទៅដណ្ដើមកាន់កាប់នៅគ.ស. ១៧៧៨ ។
សៀមបានគ្រប់គ្រងប្រទេសលាវក្នុងឋានៈជាប្រទេសរាជអស់រយៈ ១១៤ ឆ្នាំ ។ មូលហេតុដែលអាណាចក្រវៀងច័ន្ទន៍ដួលរលំនៅគ.ស. ១៨២៨ ព្រោះនៅគ.ស. ១៨២៦ ស្ដេចអនុវង្សនៃអាណាចក្រលានដំរីវៀងច័ន្ទន៍បានព្យាយាមធ្វើសង្គ្រាមដើម្បីរំដោះខ្លួនឯងចេញពីនឹមត្រួតត្រារបស់សៀម ប៉ុន្តែដោយសារតែមិនអាចទប់ទល់នឹងការបង្ក្រាបយ៉ាងខ្លាំងក្លាពីសំណាក់កងទ័ពសៀមបាន ក៏សម្រេចចិត្តភៀសខ្លួនទៅពឹងអាណាចក្រអណ្ណាម ។
លុះដល់គ.ស. ១៨២៨ ស្ដេចអនុវង្សទើបវិលត្រឡប់មកទីក្រុងវៀងចន្ទន៍វិញជាមួយនឹងក្បួនរាជទូតអណ្ណាមហើយបានស្នើសុំចុះចូលជាមួយសៀមម្តងទៀត ប៉ុន្តែមិនយូរប៉ុន្មាន នៅពេលបានឱកាស ស្ដេចអនុវង្សក៏ដឹកនាំទាហានរបស់ខ្លួនសម្លាប់ទាហានសៀមស្ទើរតែទាំងអស់ដែលបានយាមទីក្រុងហើយដណ្តើមយកទីក្រុងវៀងចន្ទន៍មកវិញ ។ សៀមបានប្រមូលផ្តុំកងទ័ពទៅបង្ក្រាបស្ដេចអនុវង្សម្តងទៀតរហូតដល់រាបទាប ។
ស្ដេចអនុវង្សបានរត់ភៀសខ្លួនទៅពឹងយួនសាជាថ្មី ប៉ុន្តែយួនមិនជួយស្ដេចអនុវង្សទេនៅពេលនោះ បានចាប់ខ្លួនស្ដេចអនុវង្សបញ្ជូនទៅទីក្រុងបាងកក ។ ព្រះបាទសម្ដេចព្រះណាំងខ្លាវទ្រង់ពិរោធយ៉ាងខ្លាំង ទើបត្រាស់បញ្ជាឲ្យដាក់គុកផ្ចាលទោសនៅកណ្តាលទីក្រុងរហូតដល់សោយទិវង្គត ។ ចំណែកទីក្រុងវៀងច័ន្ទន៍ក៏ត្រូវបានព្រះបាទសម្ដេចព្រះណាំងខ្លាវត្រាស់បញ្ជាឲ្យដុតបំផ្លាញចោលទាំងស្រុងរហូតដល់ឥតសល់សំណាកស្លាកស្នាមទីក្រុងឡើយ ហើយត្រាស់ឲ្យបង្កើតមជ្ឈមណ្ឌលរដ្ឋបាលនៅខេត្តណងខាយដើម្បីត្រួតត្រាទឹកដីនៃអាណាចក្រលាវវៀងច័ន្ទន៍ ។
អ្នកស្រាវជ្រាវ ម.ភិ. ២ កុម្ភៈ ២០២១
អត្ថបទផ្សេងៗ៖ ការធ្វើដំណើររបស់ដួងវិញ្ញាណក្រោយមរណកាល , ទិវាបុណ្យវិសាខបូជា , អត្ថន័យនិងសារសំខាន់នៃថ្ងៃបុណ្យវិសាខបូជាមានអ្វីខ្លះទៅ ? , សំណាកស្លាកស្នាមព្រះពុទ្ធបដិមារបស់លាវដែលនៅសេសសល់បន្ទាប់ពីទីក្រុងវៀងច័ន្ទន៍ត្រូវបានដុតបំផ្លាញចោល , Wonder Of The Pali Language - អច្ឆរិយភាពនៃភាសាបាលី
0 comments: