ករុណាយ ទិនំ ហោតិ មាឃបូជាធ សាសនេ - មាឃបូជាទិវានៃសេចក្ដីស្រឡាញ់
ពាក្យថា ស្រឡាញ់ មានអត្ថន័យជ្រាលជ្រៅណាស់សម្រាប់សត្វលោក មនុស្សស្រឡាញ់មនុស្ស មនុស្សស្រឡាញ់សត្វ សត្វស្រឡាញ់សត្វ ឬថា មនុស្សស្រឡាញ់សត្វ ឬ សត្វស្រឡាញ់មនុស្ស ជាដើម ឃើញថា សេចក្តីស្រឡាញ់ជាកម្លាំងធាតុមួយដែលអាចធ្វើឲ្យមនុស្សសត្វមានមនោសញ្ចេតនាផ្សេង ៗបាន ស្រេចតែលើបរិបទដែលយកទៅប្រើ ព្រោះថាសេចក្តីស្រឡាញ់នេះជាធម្មជាតិកើតប្រាកដមានក្នុងចិត្តរបស់មនុស្សសត្វនុះឯង ។
ព្រោះតែសេចក្តីស្រឡាញ់ មនុស្សម្នាក់អាចធ្វើអ្វី ៗសព្វយ៉ាងដើម្បីទទួលបានតាមបំណង សេចក្តីស្រឡាញ់អាចបង្កើតអ្វី ៗដែលសត្វលោកប្រាថ្នាត្រូវការបាន ។
ក្នុងបរិបទនៃសង្គមមនុស្ស សេចក្តីស្រឡាញ់ធ្វើឲ្យមនុស្សមានសម្ពន្ធភាពរវាងគ្នានិងគ្នាបានយ៉ាងស្អិតរមួត ដូចជា កម្លោះក្រមុំ ឪពុកម្តាយនិងបុត្រធីតា គ្រូនិងសិស្ស មិត្រនិងមិត្រជាដើម ឬថា គ្រួសារនិងគ្រួសារ ស្ថាប័ននិងស្ថាប័ន រដ្ឋនិងរដ្ឋជាដើម ។
មូលហេតុនៃសេចក្ដីស្រឡាញ់ បណ្តាលមកពីតម្រូវការភាពកក់ក្តៅនិងសុខសុភមង្គលរបស់មនុស្សសត្វ តាមខ្លឹមសារបែបព្រះពុទ្ធសសនា សេចក្តីស្រឡាញ់មាន ៤ ប្រភេទ គឺ
១. សេចក្តីស្រឡាញ់ចំពោះខ្លួនឯងនិងត្រូវការចែករំលែកសេចក្តីស្រឡាញ់ដល់អ្នកដទៃ ពោលគឺ ស្រឡាញ់ទាំងខ្លួនឯងទាំងអ្នកដទៃ បានដល់ ចែករំលែកសេចក្តីសុខផ្ទាល់ខ្លួនដល់អ្នកដទៃឲ្យមានសេចក្តីសុខដូចខ្លួនដែរ ។
២. សេចក្តីស្រឡាញ់បែបជួយអនុគ្រោះអ្នកដទៃដែលមិនមានសេចក្តីសុខឲ្យបានទទួលសេចក្តីសុខ គឺ បំបាត់ទុក្ខ បម្រុងសុខអ្នកដទៃ
៣. សេចក្តីស្រឡាញ់បែបត្រេកអរសាទរនឹងសេចក្តីសុខរបស់អ្នកដទៃដោយមិនមានចិត្តច្រណែនឫស្យា
៤. សេចក្តីស្រឡាញ់បែបតម្កល់ចិត្តជាកណ្តាលក្នុងករណីដែលមិនអាចផ្តល់ឬជួយអ្នកដទៃបាន
ថ្ងៃមាឃបូជាចាត់ជាថ្ងៃនៃសេចក្តីស្រឡាញ់ទាំង ៤ ប្រភេទដែលផ្តោតសារៈសំខាន់លើការអនុគ្រោះសត្វលោកឲ្យបានទទួលសេចក្តីសុខដែលប្រាសចាកជាតិ ជរា ព្យាធិ និង មរណៈ ត្រូវការឲ្យមនុស្សគ្រប់ជាតិសាសន៍ រស់នៅជាមួយគ្នាយ៉ាងសុខដុមរមនាទាំងក្នុងលោកនេះនិងលោកខាងមុខ ថ្ងៃមេឃបូជាមិនត្រឹមតែជាថ្ងៃសេចក្ដីស្រឡាញ់បែបព្រះពុទ្ធសាសនាទេ ប៉ុន្តែថែមទាំងជាថ្ងៃដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់បានប្រកាសគោលនយោបាយ មនោគមវិជ្ជា និងយុទ្ធសាស្ត្ររបស់ព្រះពុទ្ធសាសនាផង ពោលគឺ ត្រូវការឲ្យមនុស្សជាតិតម្កល់មាំក្នុងអំពើល្អ លះបង់អំពើអាក្រក់ មានអំពើហិង្សាឬសឹកសង្រ្គាមជាដើម ទ្រង់ដាស់តឿនឲ្យមនុស្សគ្រប់គ្នាឲ្យស្គាល់សេចក្តីស្រឡាញ់និងមានសេចក្ដីស្រឡាញ់ មើលឃើញមនុស្សដូចគ្នាជាមិត្ររួមជាតិ ជរា ព្យាធិ និង មរណៈ ដោយយកព្រះសង្ឃសាវ័កជាបុគ្គលគម្រូនាំយកសាសនធម៌ទៅចែករំលែកដល់វេនេយ្យបុគ្គលដែលត្រូវការ ។
ពាក្យថា បូជា មានន័យថា (គោរព) រាប់អាន ឧបត្ថម្ភ និង លើកតម្កើង ។ ក្នុងផ្លូវបដិបត្តិ ការបូជាមាន ៣ យ៉ាង គឺ
១. សក្ការបូជា បូជាដោយគ្រឿងសក្ការៈ បានដល់ ឧបត្ថម្ភដោយទេយ្យវត្ថុ មានគ្រឿងឧបភោគបរិភោគជាដើមដែលជាបច្ច័យមូលដ្ឋានសម្រាប់ទ្រទ្រង់ជីវិត
២. សម្មានបូជា ឬ អភិសម្មានបូជា បូជាដោយការរាប់អាន មានការជឿជាក់ បដិបត្តិតាម យល់ស្របតាមជាដើម
៣. បគ្គាហបូជា បូជាដោយការលើកតម្កើង មានការបន្តវេន ថែរក្សា ការពារ និងអភិវឌ្ឍជាដើម
តាមរយៈវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត មាឃបូជា បានដល់ ការធ្វើបូជាក្នុងខែមាឃ គឺ ខែទី ៣ នៃចន្ទគតិ ។ មាឃបូជា គឺជាថ្ងៃសំខាន់មួយរបស់ព្រះពុទ្ធសាសនាព្រោះក្នុងសម័យពុទ្ធកាល ក្រោយពីត្រាស់ដឹងហើយបាន ៩ ខែ ក្នុងខណៈដែលទ្រង់គង់ប្រថាប់នៅក្នុងវត្តវេឡុវ័នទៀបក្រុងរាជគ្រឹះនៃដែនមគធៈរបស់ព្រះបាទពិម្ពិសារ ព្រះសង្ឃសាវ័ក ១២៥០ អង្គដែលព្រះពុទ្ធអង្គបានបញ្ជួនទៅផ្សព្វផ្សាយសាសនធម៌តាមកន្លែងផ្សេងៗនោះ បាននាំគ្នាវិលត្រឡប់មកចូលគាល់ព្រះអង្គដោយគ្មានការមត់កំណត់ទុកជាមុន ហេតុការណ៍នោះទើបចាត់ជាហេតុការណ៍អស្ចារ្យ ។ ម៉្យាងទៀត ការប្រារព្ធធ្វើក្នុងថ្ងៃពេញបូណ៌មីខែមាឃនេះ ក៏ដើម្បីរំឭកដល់សាវកសន្និបាត ចាត់ជា “សម័យប្រជុំវិសាមញ្ញ” ដែលហៅថា ចាតុរង្គសន្និបាត ។ ចាតុរង្គសន្និបាត បានដល់ ការប្រជុំមានអង្គបួន គឺ
១. ព្រះសង្ឃសមណៈទូត ១២៥០ អង្គដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់បញ្ជូនទៅកាន់តំបន់ផ្សេងៗដើម្បីផ្សព្វផ្សាយសាសនធម៌បានវិលត្រឡប់មកចូលគាល់ព្រះអង្គវិញយ៉ាងព្រមព្រៀងគ្នា (សព្វេ ខីណាសវា,អឌ្ឍតេយ្យសតាធិកានិ ភិក្ខុសហស្សានិ) ។
២. ព្រះសង្ឃទាំងអស់សុទ្ធតែជាឯហិភិក្ខុដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់បំបួសឲ្យដោយផ្ទាល់ដែលហៅថា ឯហិភិក្ខុឧបសម្បទា (សព្វេ ឯហិភិក្ខុកា,សព្វេ ឯហិភិក្ខូយេវ)។
៣. ព្រះសង្ឃទាំងអស់សុទ្ធតែជាព្រះអរហន្តបានអភិញ្ញា ៦ គឺ សម្តែងឫទ្ធិបាន ត្រចៀកទិព្វ ភ្នែកទិព្វ កំណត់ដឹងចិត្តអ្នកដទៃ បាន រលឹកជាតិបាន និងអស់អាសវៈ មកជួបប្រជុំគ្នាក្នុងវត្តវេឡុវ័នដោយមិនបានណាត់មត់ទុកជាមុន (សព្វេ ឆ អភិញ្ញាវ អនិមន្តិតា អាគតា) ។
៤. ថ្ងៃដែលព្រះសង្ឃទាំងអស់ជួបប្រជុំគ្នានោះត្រូវនឹងថ្ងៃពេញបូណ៌មីខែមាឃ (មាឃនក្ខត្តេ បុណ្ណចន្ទោ)។
ការប្រជុំមានអង្គ ៤ នោះមានតែម្ដងគត់ក្នុងពុទ្ធសម័យ ក្នុងវេលាគ្រានោះ ព្រះសម្មាសម្ពុទ្ធទ្រង់ឆ្លៀតយកឱកាសដ៏សមគួរនេះបានត្រាស់សម្ដែងឱវាទបាតិមោក្ខ ពោលគឺសេចក្ដីណែនាំអំពីកាតព្វកិច្ច ដើម្បីឲ្យរួចផុតចាកទុក្ខប្រកបដោយគោលនយោបាយ ៣ មនោគមវិជ្ជា ៤ និងនីតិសាស្ត្រ ៦ ក្នុងការផ្សព្វផ្សាយព្រះពុទ្ធសាសនាដើម្បីនាំយកសាសនធម៌ទៅប្រើបា្រស់គ្រប់សង្គមដែលចាត់ជាធម្មនុញ្ញ ឬជាបេះដូងនៃព្រះពុទ្ធសាសនា
គោលនយោបាយ ៣ (3-G guideline) ជាខ្លឹមសារសំខាន់ដែលត្រូវអនុវត្ត បានដល់
១- សព្វបាបស្ស អករណំ ការមិនធ្វើអំពើបាបទាំងពួង
២- កុសលស្សូបសម្បទា ការបំពេញកុសលឲ្យបរិបូណ៌
៣- សចិត្តបរិយោទបនំ ការញ៉ាំងចិត្តរបស់ខ្លួនឲ្យផូរផង់
ទាំង ៣ ប្រការនេះជាពា់ក្យប្រៀនប្រដៅរបស់ព្រះពុទ្ធទំាងឡាយ មានន័យថា គ្រប់យុគសម័យ ព្រះពុទ្ធគ្រប់អង្គទ្រង់ត្រាស់ទូន្មានប្រៀនប្រដៅតាមគោលនយោបាយទំាង ៣ប្រការនេះ
មនោគមវិជ្ជា ៤ (4-I Ideology) ទ្រង់ប្រកាសទុកជាមគ្គវិធីសម្រាប់អនុវត្តឲ្យបានសម្រេចតាមគោលនយោបាយខាងលើ បានដល់
១- ខន្តិ បរមំ តបោ តីតិក្ខា គឺ អធិវាសនខន្តី ត្រូវមានអំណត់អត់ធ្មត់ជាពិសេសក្នុងការផ្សព្វផ្សាយសាសនធម៌ដល់មនុស្សដែលមិនបានដឹងមិនបានយល់ ពោលគឺ ត្រូវមានសម្ពន្ធភាពល្អជាមួយនឹងមនុស្សទូទៅ
២- និព្វានំ បរមំ វទន្តិ ពុទ្ធា ព្រះពុទ្ធទាំងឡាយតែងសម្ដែងថា ព្រះនិព្វានជាបរមធម៌ គឺ ត្រូវដឹងថាគោលបំណងខ្ពស់បំផុតក្នុងព្រះពុទ្ធសាសនា គឺ ព្រះនិព្វាន មិនមែនលាភសក្ការៈយសសក្ដិតំណែងទេ
៣- ន ហិ បព្វជិតោ បរូបឃាតី បុគ្គលដែលសម្លាប់សត្វដទៃមិនឈ្មោះថា បព្វជិត ពោលគឺ មុននឹងធ្វើមុខងារជាធម្មកថិកសម្ដែងឬផ្សព្វផ្សាយធម៌ ត្រូវពិនិត្យមើលខ្លួនឯងសិនថាជាបព្វជិតបួសដោយសទ្ធាឬទេឬថាគ្រាន់តែជាពស់វែកអង្គុយលើខ្នងអ្នកស្តាប់ គឺ ប្រជាជនឬទេ
៤- សមណោ ហោតិ បរំ វិហេឋយន្តោ បុគ្គលដែលបៀតបៀនសត្វដទៃមិនឈ្មោះថា សមណៈ ពោលគឺ មិនត្រូវយាយីអ្នកដទៃ
នីតិសាស្រ្ត ៦ (6-J Jurisprudence) ដែលជាសាស្រ្តត្រូវការសិក្សាយល់ដឹង ច្បាប់ កតិកា បទដ្ឋាន ការប្រើប្រាស់ដើម្បីរក្សាយុត្តិធម៌ក្នុងសង្គមមនុស្ស បានដល់
១- អនូបវាទោ ការមិនពោលតិះដៀលអ្នកដទៃ មិនជេរប្រទេច ពោលពាក្យបះពាល់ បរិហារកេរ្ដិ៍អ្នកដទៃ
២- អនូបឃាតោ ការមិនបៀតបៀន មិនសម្លាប់អ្នកដទៃ តាមប្រវត្តិសាស្ដ្រពុទ្ធសាសនាមិនធ្លាប់មានសង្គ្រាមកាប់សម្លាប់អ្នកដទៃទេ ទើបព្រះអង្គទ្រង់បញ្ជាក់មិនអោយតិះដៀល បៀតបៀនអ្នកដទៃដាច់ខាត
៣- បាតិមោក្ខេ ច សំវរោ ការគោរពរបៀប ច្បាប់ កតិកា ទំនៀមទម្លាប់ប្រពៃណីដ៏ល្អរបស់សង្គម សិក្សាហ្វឹកហាត់ អភិវឌ្ឃខ្លួនជានិច្ច
៤- មត្តញ្ញុតា ច ភត្តស្មឹ ភាវៈជាអ្នកដឹងប្រមាណក្នុងភត្ត ប្រើប្រាស់វត្ថុទាំងទ្បាយដោយសន្សំសំចៃ គឺ មិនលោភលន់ ប្រព្រឹត្តទុច្ចរិត ពុករលួយ ស៊ីឡិបកឹបកេង ប្រៀបដូជាដើមឈើធំដែលស្រូបទឹកតិច មិនមែនធំស្រូបច្រើនដល់រដូវប្រាំងក៏ងាប់ទេ
៥- បន្តញ្ច សយនាសនំ ទីដេកទីអង្គុយដ៏ស្ងាត់ ប្រកបដោយបរិស្ថានល្អសមរម្យ មានភាពស្ងប់ស្ងាត់ ប្រាសចាកការបំពុលផ្សេងៗ មិនមែនភ្លើតភ្លើនជាមួយបច្ចេកវិទ្យារហូតដល់ភ្លេចគោលបំណងនៃសមណសញ្ញានៃការបួសនោះទេ
៦- អធិចិត្តេ ច អាយោគោ ការបំពេញព្យាយាមក្នុងអធិចិត្ត គឺមានសេចក្តីព្យាយាមក្នុងការសម្អាតចិត្ត អប់រំចិត្តមិនឲ្យគិតអាក្រក់ យល់ខុសចាកគន្លងសាសនធម៌ ។
សាសនធម៌ដែលព្រះពុទ្ធជាម្ចាស់បានត្រាស់ទូន្មានប្រៀនប្រដៅ សុទ្ធសឹងតែមានអត្ថន័យសេក្ដីសំខាន់ដល់ការចិញ្ចឹមជីវិតនិងការរស់នៅរបស់មនុស្សទាំងអស់ទោះជាភេទបព្វជិតឬឃរាវាសក៏ដោយ ក៏អាចសិក្សាឈ្វេងយល់និងនាំយកទៅប្រព្រឹត្តបដិបត្តិតាមបានដោយសេរី ព្រោះជារបស់ពិត មិនមែនគ្រាន់តែជឿបុណ្ណោះទេ ការជឿចាត់ជាផែនទីសម្រាប់កំណប់ទ្រព្យ ប៉ុន្តែការជីកយកកំណប់ត្រូវតែអនុវត្តបដិបត្តិទើបទទួលផលដែលប្រាថ្នាបាន ។
ថ្ងៃមាឃបូជាចាត់ជាថ្ងៃដែលមានសារៈសំខាន់សម្រាប់ពុទ្ធសាសនិកជនខ្មែរព្រោះថ្ងៃមាឃបូជានេះព្រះសម្មាសម្ពទ្ធជាម្ចាស់នៃយើងទ្រង់ប្រទានឱវាទបាដិមោក្ខដល់មហាសង្ឃសន្និបាតក្នុងវត្តវេឡុវ័នដែលជាវត្តដំបូងបង្អស់ក្នុងព្រះពុទ្ធសាសនា ក្នុងថ្ងៃនោះ មានហេតុការណ៍សំខាន់ ៤ យ៉ាង កើតឡើង គឺ ៖
១. ព្រះសង្ឃសមណៈទូត ១២៥០ អង្គដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់បញ្ជូនទៅកាន់តំបន់ផ្សេងៗដើម្បីផ្សព្វផ្សាយ គោលធម៌បានវិលត្រឡប់មកចូលគាល់ព្រះអង្គវិញយ៉ាងព្រមព្រៀងគ្នា (សព្វេ ខីណាសវា) ។
២. ព្រះសង្ឃទាំងអស់សុទ្ធតែជាឯហិភិក្ខុដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់បំបួសឲ្យដោយផ្ទាល់ដែលហៅថា ឯហិភិក្ខុឧបសម្បទា (សព្វេ ឯហិភិក្ខុកា)។
៣. ព្រះសង្ឃទាំងអស់សុទ្ធតែជាព្រះអរហន្តបានអភិញ្ញា ៦ គឺ សម្តែងឫទ្ធិបាន ត្រចៀកទិព្វ ភ្នែកទិព្វ កំណត់ដឹងចិត្តអ្នកដទៃ បាន រលឹកជាតិបាន និងអស់អាសវៈ មកជួបប្រជុំគ្នាក្នុងវត្តវេឡុវ័នដោយមិនបានណាត់មត់ទុកជាមុន (សព្វេ អនិមន្តិតា) ។
៤. ថ្ងៃដែលព្រះសង្ឃទាំងអស់ជួបប្រជុំគ្នានោះត្រូវនឹងថ្ងៃពេញបូណ៌មីខែមាឃ (មាឃនក្ខត្តេ បុណ្ណចន្ទោ)។ហេតុការណ៍ជួបប្រជុំគ្នាខាងលើនេះហៅម្យ៉ាងទៀតថា ចតុរង្គសន្និបាត គឺ កិច្ចប្រជុំប្រកបដោយអង្គ ៤ ។
ចតុរង្គសន្និបាតនេះប្រារព្ធធ្វើនៅក្នុងវត្តវេឡុវ័នក្នុងក្រុងរាជគ្រឹះនៃមគធរដ្ឋរបស់ព្រះបាទពិម្ពិសារ ក្រោយពីព្រះសម្មាសម្ពុទ្ធជា ម្ចាស់ត្រាស់ដឹងអនុត្តរសម្មាសម្ពោធិញាណកន្លងហើយបាន ៩ ខែ គឺ មុន ព.ស. ៤៥ ឆ្នាំ ។
មូលហេតុសំខាន់ដែលព្រះសង្ឃសមណៈទូតទាំងនោះមកជួបប្រជុំគ្នាក្នុងវត្តវេឡុវ័ននោះព្រោះថ្ងៃពេញបូណ៌មីខែមាឃនោះ ត្រូវនឹងថ្ងៃសិវរាត្រីរបស់សាសនាព្រាហ្មណ៍ ក្នុងថ្ងៃសិវរាត្រីនេះ សាសនិកព្រាហ្មណ៍តែងប្រារព្ធពិធីលាងជម្រះបាបបូជា ព្រះសិវៈ ព្រោះហេតុនោះ ព្រះសង្ឃទាំងនោះទើបធ្វើដំណើរទៅគាល់ព្រះបរមសាស្តាដែលទ្រង់ធ្វើពុទ្ធដំណើរចេញពីល្អាង សុករខាតាមកគង់ប្រថាប់នៅក្នុងវត្តវេឡុវ័ន សូមជម្រាបថា ព្រះសង្ឃដែលធ្វើដំណើរទៅផ្សព្វផ្សាយពុទ្ធធម៌នោះមិនមែន ធ្វើដំណើរទៅព្រមគ្នាទាំង ១២៥០ អង្គនោះទេ ប៉ុន្តែធ្វើដំណើរទៅតែមួយអង្គឯងប៉ុណ្ណោះ មានន័យថា ធ្វើដំណើរទៅដាច់ដោយឡែកពីគ្នា ការដែលព្រះសង្ឃអង្គនីមួយៗធ្វើដំណើរទៅវត្តវេឡុវ័នដោយមិនបានណាត់ទុកជាមុន ដូចជាណាត់តាមទូរសព្ទ ឬ ឥន្ធើណិតជាដើម ទើបចាត់ជាហេតុការណ៍អស្ចារ្យ ។
តើព្រះសង្ឃទាំង ១២៥០ អង្គនោះចេញមកពីប្រភពណាខ្លះ ? ប្រភពនៃព្រះសង្ឃទាំង ១២៥០ អង្គនោះ គឺ
១. សិស្សគណរបស់ព្រះឧរុវេលកស្សបៈចំនួន ៥០០ អង្គ
២. សិស្សគណរបស់ព្រះនទីកស្សបៈចំនួន ៣០០ អង្គ
៣. សិស្សគណរបស់ព្រះគយាកស្សបៈចំនួន ២០០ អង្គ
៤. សិស្សគណរបស់ព្រះសារីបុត្រនិងព្រះមោគ្គល្លានចំនួន ២៥០ អង្គ
សរុបព្រះសង្ឃទាំងអស់ ១២៥០ អង្គដោយមិនរាប់បញ្ចូលព្រះឧរុវេលកស្សបៈ ព្រះនទីកស្សបៈ ព្រះគយាកស្សបៈ ព្រះសារីបុត្រ និង ព្រះមោគ្គល្លាននោះទេ បើរាប់បញ្ចូល ៥ អង្គនេះទៀតបានជា ១២៥៥ អង្គ ។
ព្រោះអច្ឆរិយហេតុកើតឡើងដោយមិននឹកស្មានដល់បែបនេះ ព្រះសម្មាសម្ពុទ្ធជាម្ចាស់ទើបទ្រង់ឆ្លៀតឱកាសនោះសម្តែង ឱវាទបាដិមោក្ខដល់ព្រះសង្ឃចំនួន ១២៥០ អង្គនោះ ដោយទ្រង់កំណត់គោលនយោបាយក្នុងការផ្សព្វផ្សាយព្រះពុទ្ធ សាសនា ៥ ចំណុច គឺ
១. ឧត្តមគតិ បានដល់ អំណត់អត់ធ្មត់ចាត់ជាការតស៊ូយ៉ាងសិ្វតស្វាញ ។ (អភ័យទានផ្នែកនយោបាយ)
២. គោលបំណង បានដល់ ព្រះនិព្វានចាត់ជាគោលបំណងខ្ពង់ខ្ពស់របស់ព្រះពុទ្ធសាសនា ។(សាធារណៈប្រយោជន៍)
៣. វិធីបដិបត្តិ បានដល់ មិនរំលោភសិទ្ធិមនុស្សនិងសត្វ ។ (សិទ្ធិមនុស្ស)
៤. គោលការណ៍មាន ៣ ចំណុច គឺ មិនធ្វើអំពីអាក្រក់ទាំងពួង (សន្តិសុខ)
ធ្វើអំពើល្អឲ្យដល់ព្រម (ប្រយោជន៍សង្គម)
ធ្វើចិត្តរបស់ខ្លួនឲ្យផូរផង់(អត្តាភិវឌ្ឍន៍)
៥. វិធីសាស្ត្រ មាន ៦ ចំណុច គឺ
មិនបរិហារកេរ្តិ៍បុគ្គលណា(វចីសុចរិត=សណ្ហវាចា,សច្ចវាចា,អបិសុណវាចា,មន្តាវាចា;ឃោសនាការ)
មិនធ្វើទុក្ខបុកម្នេញបុគ្គលណា (អហិង្សា ឬ សន្តិវិធី)
គោរពក្រមសីលធម៌ (ចរិយាសាស្ត្រ)
ស្គាល់ប្រមាណក្នុងអាហារ (សេដ្ឋកិច្ច)
អង្គុយឬសិងក្នុងទីស្ងាត់ (នគរូបនីយកម្ម)
ប្រកបព្យាយាមក្នុងអធិចិត្ត (សិក្សាធិការ)
ទាំង ៥ ចំណុចខាងលើនេះចាត់ជាគោលនយោបាយរបស់ព្រះពុទ្ធសាសនា ។
ថ្ងៃមាឃបូជាចាត់ជាថ្ងៃព្រះធម៌ ថ្ងៃវិសាខបូជាចាត់ជាថ្ងៃព្រះពុទ្ធ ថ្ងៃអាសាឡ្ហបូជាចាត់ជាថ្ងៃព្រះសង្ឃ ។
តើប្រារព្ធពិធីមាឃបូជាបានប្រយោជន៍អ្វីខ្លះ?
ប្រយោជន៍នៃថ្ងៃមាឃបូជា គឺ ៖
១. ពុទ្ធសាសនិកជនបានយល់ដឹងយ៉ាងត្រឹមត្រូវដល់សារៈសំខាន់នៃថ្ងៃមាឃបូជានេះ ។
២. យល់ដឹងគោលធម៌និងគោលជំហររបស់ព្រះពុទ្ធសាសនា ។
៣. បណ្តុះសទ្ធាជ្រះថ្លាកាន់តែភិយ្យោភាពឡើងក្នុងគោលធម៌របស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ ។
៤. បានបដិបត្តិតួនាទីរបស់ពុទ្ធសាសនិកជនក្នុងថ្ងៃមាឃបូជានេះ ។
៥. បានជួយជ្រោមជ្រែងព្រះពុទ្ធសាសនាឲ្យស្ថិតស្ថេរចេរកាលយូរអង្វែង ។
ហេតុនោះ ក្នុងឱកាសថ្ងៃមេឃបូជាដែលជាថ្ងៃសេចក្ដីស្រឡាញ់នៃព្រះពុទ្ធសាសនាសូមពុទ្ធបរិស័ទដើរតាមគន្លងនៃពុទ្ធធម៌ ផ្ដល់ក្ដីស្រឡាញ់ មេត្តាប្រាថ្នាល្អចំពោះខ្លួនឯង គ្រួសារ បរិវារជុំវិញខ្លួននិងសព្វសត្វទាំងឡាយទូទំាងសកលលោក ដោយការគោរពបដិបត្តិតាមពុទ្ធោវាទដើម្បីញាំងឲ្យសង្គមកម្ពុជាកើតមានសុខសន្តិភាពដែលពោរពេញដោយក្ដីស្រឡាញ់បរិសុទ្ធ ប្រាសចាកពិសពុល ការបំភិតបំភ័យចំពោះគ្នានិងគ្នា ជាថ្ងៃធ្វើបុណ្យកតញ្ញូកតវេទីអរគុណព្រះអរហន្តទំាង ១២៥០ អង្គ ទាំងជាថ្ងៃរលឹកនឹកគុណដល់ព្រះបរមសាស្ដាសម្មាសម្ពុទ្ធជាម្ចាស់ដែលជាបរមគ្រូរបស់យើង ដែលព្រះអង្គបានប្រទានឱវាទបាតិមោក្ខសម្រាប់យើងនិងសកលលោកសិក្សាយល់ដឹង និងចាត់ទុកថាជាថ្ងៃគួរសិក្សាជាគម្រូយ៉ាងក្រៃលែងដែលព្រះពុទ្ធជាម្ចាស់ទ្រង់ផ្សព្វផ្សាយព្រះសាសនាឲ្យរីកចម្រើនបានយ៉ាងឆាប់រហ័ស ដោយប្រើពេលវេលាត្រឹមតែមួយឆ្នាំ ៩ ខែប៉ុណ្ណោះ អត្រាកំណើនបុគ្គលសំខាន់ក្នុងព្រះពុទ្ធសាសនាកើនឡើងរាប់ពាន់អង្គ ពីព្រះសាស្ដាមួយអង្គ ក្លាយជាព្រះអរហន្តរាប់ពាន់អង្គហើយបានចេញទៅប្រកាសផ្សាយព្រះសាសនាសឹងគ្រប់ទីកន្លែងក្នុងជម្ពូទ្វីប ព្រោះថាសម័យនោះសារគមនាគមន៍ក៏ពិបាក គ្មានវិទ្យុ ឥន្ធើណិត ទូរទស្សន៍ កាសែត ឬទូរសព្ទអ្វីទេ អាស្រ័យហេតុនេះហើយ មុននឹងចេញទៅផ្សព្វផ្សាយសាសនធម៌ ទើបមកប្រជុំគ្នាសិន ដើម្បីសិក្សាយល់ដឹងអំពីគោលជំហរនយោបាយ មនោគមវិជ្ជា និងយុទ្ធសាស្រ្តដែលត្រូវធ្វើ ហើយក៏នាំគ្នាចេញទៅតាមផ្លូវផ្សេងៗគ្នា ប៉ុន្តែមានរូបបែបដូចគ្នា គឺ ឱវាទបាតិមោក្ខដែលចាត់ទុកជាវប្បធម៌នៃព្រះពុទ្ធសាសនារហូតដល់សព្វថ្ងៃ ៕
សហនិពន្ធដោយព្រះមហាអូផាត ឋិតញាណោ មហា ៩ ប្រយោគ និង ព្រះមហាសុខុម សុវណ្ណបញ្ញោ មហា ៨ ប្រយោគ
អត្ថបទផ្សេងៗ៖ ជួនកាល “រាជសីហ៍ឈរយ៉ាងសង្ហា” ក៏ធ្លាប់ជា “ឆ្កែទាល់ច្រក” ពីមុនមកដែរ , សេចក្តីប្រមាទជាផ្លូវនៃសេចក្តីស្លាប់ "មហាសង្រ្កាន្តឆ្នាំថ្មី វិថីជីវិតស្ថិតលើគន្លងធម៌" , ការធ្វើដំណើររបស់ដួងវិញ្ញាណក្រោយមរណកាល , ទិវាបុណ្យវិសាខបូជា , អត្ថន័យនិងសារសំខាន់នៃថ្ងៃបុណ្យវិសាខបូជាមានអ្វីខ្លះទៅ ? , សេចក្តីប្រមាទជាផ្លូវនៃសេចក្តីស្លាប់ "មហាសង្រ្កាន្តឆ្នាំថ្មី វិថីជីវិតស្ថិតលើគន្លងធម៌" , ករុណាយ ទិនំ ហោតិ មាឃបូជាធ សាសនេ : មាឃបូជាទិវានៃសេចក្ដីស្រឡាញ់ , ជីវិតត្រូវសិក្សា បញ្ញាត្រូវអប់រំ , គុណធម៌ទាំង១០ ជាទ្រព្យរបស់អ្នកដឹកនាំ , អប្បកញ្ចិទំ ជីវិតមាហុ ធីរា - ជាការពិតណាស់ ប្រាជ្ញទាំងឡាយបានពោលទុកថា ជីវិតនេះខ្លីណាស់ , តួនាទីរបស់ព្រះភិក្ខុសង្ឃមានអ្វីខ្លះទៅ? , អានិសង្សរបស់និច្ចសីល ឬហៅថាសីល ៥ មានអ្វីខ្លះទៅ? , លោកវជ្ជកថា , សំណាកស្លាកស្នាមព្រះពុទ្ធបដិមារបស់លាវដែលនៅសេសសល់បន្ទាប់ពីទីក្រុងវៀងច័ន្ទន៍ត្រូវបានដុតបំផ្លាញចោល , ជីវិតត្រូវសិក្សា បញ្ញាត្រូវអប់រំ , "ពលធម៌" មានន័យយ៉ាងម៉េចទៅ ? , ទោសនៃការសេពគ្រឿងស្រវឹងដែលកើតក្នុងជីវិតអ្នកប្រព្រឹត្ត , រើសយកអាជីពណា ត្រូវក្លាហានក្នុងអាជីពនោះ
0 comments: