วันจันทร์ที่ 18 มกราคม พ.ศ. 2564

អានិសង្ស​របស់និច្ចសីល ឬហៅថាសីល ៥ មានអ្វីខ្លះទៅ?

អានិសង្ស​របស់និច្ចសីល ឬហៅថាសីល ៥ មានអ្វីខ្លះទៅ? 

និច្ចសីល ឬហៅថាសីល ៥ ជា​សីល​ត្រូវ​សាធុជន​រក្សា​ ជានិច្ចកាល ឬជារៀងរាល់ថ្ងៃ ដោយ​ប្រុងប្រយ័ត្ន​កុំ​ឲ្យ​ដាច់​ឬ​ធ្លុះធ្លាយ នូវ​សិក្ខាបទ​ណា​មួយ ។ សិក្ខាបទ​នោះ​គឺ​ មិន​សម្លាប់ ១ មិន​លួចរបស់ ១ មិន​ប្រព្រឹត្ត​ខុស​ក្នុង​កាម ១ មិន​ភូតភរ ១ មិន​ផឹក​សុរា​និង​មេរ័យ ១ ។

ពាក្យ​ថា មិន​សម្លាប់ សេចក្ដី​ថា មិន​សម្លាប់​សត្វ​ដែល​មាន​ជីវិត​ទាំង​អស់ អត្តានំ ឧបមំ កត្វា ដោយ​យក​ខ្លួន​ឯង​ជា​គ្រឿង​ប្រៀប​ថា​ពួក​សត្វ​តែង​តក់ស្លុត​ចំពោះ​អាជ្ញា​យ៉ាង​ណា ឯ​ខ្លួន​របស់​អញ​ក៏​តក់ស្លុត​ចំពោះ​អាជ្ញា​យ៉ាង​នោះ​ដែរ ។ ន ហនេយ្យ ន ឃាតយេ ដូច្នេះ​ហើយ មិន​គប្បី​សម្លាប់​សត្វ​ដោយ​ខ្លួន​ឯង​និង​មិន​គប្បី​ប្រើ​គេ​ឲ្យ​សម្លាប់ ។ នត្ថិ អត្តសមំ បេមំ ព្រោះ​បណ្ដាល​សេចក្ដី​ស្រឡាញ់​ទាំង​អស់ គ្មាន​សេចក្ដី​ស្រឡាញ់​ឯ​ណា​ស្មើ​នឹង​ខ្លួន​ទេ ។ មេត្តា ចំពោះ​ពួក​សត្វ ។

ពាក្យ​ថា មិន​លួច សេចក្ដី​ថា មិន​លួច​យក​ទ្រព្យ​សម្បត្តិ​របស់​មនុស្ស​ផង​គ្នា​និង​របស់​សាធារណៈ ដោយ​កលឧបាយ​ឯណា​នីមួយ សូម្បី​តែ​បន្តិច​បន្តួច​ក៏​ដោយ ។​ត្រេកអរ​ចំពោះ​តែ​ទ្រព្យ​របស់​ខ្លួន​តាម​មាន​តាម​បាន ដែល​ប្រកប​ដោយ​គន្លង​ធម៌ ។

ពាក្យ​ថា មិន​ប្រព្រឹត្ត​ខុស​ក្នុង​កាម សេចក្ដី​ថា មិន​លួច​សហាយ​សន្មសន្ធវៈ​ជា​មួយ​ភរិយា​អ្នក​ដទៃ និង​កូន​ក្រមុំ​ព្រហ្មចារី​អ្នក​ដទៃ ។ មួយ​ទៀ​មិន​លួច​សហាយ​សន្មសន្ធវៈ​ជា​មួយ​ប្ដី​អ្នក​ដទៃ និង​កូន​កម្លោះ​អ្នក​ដទៃ ។​​ ត្រេកអរ​តែ​ភរិយា​របស់​ខ្លួន និង​ស្វាមី​របស់​ខ្លួន ។

ពាក្យ​ថា មិន​ភូតភរ សេចក្ដី​ថា មិន​និយាយ​ភូតភរ កុហក ឲ្យ​គេ​ខូចខាត​ប្រយោជន៍​ឬ​ខូច​ទ្រព្យ​សម្បត្តិ ។​ កាន់​ពាក្យ​សត្យ ពាក្យ​សង្ឃ​ជានិច្ច ។

ពាក្យ​ថា មិន​ផឹក​ទឹក​ស្រវឹង សេចក្ដី​ថា មិន​ផឹក​សុរា​និង​មេរ័យ (មាន​ទឹក​ត្នោត​ជូរ​ជា​ដើម) មិន​ជក់​អាភៀន មិន​ញៀន​កញ្ឆា ។ សុរា​មេរ័យ​និង​គ្រឿង​ស្រវឹង​ដទៃ​ទៀត​ចាត់​ជា​កាម ហៅ​ថា​កាម​រស ។ រក្សា​ឲ្យ​បាន​ខ្ជាប់ខ្ជួន នូវ​អប្បមាទ​ធម៌ ។ កាល​បើ​សាធុជន បាន​រក្សា​សីល ៥ ឲ្យ​ជាប់​លាប់​គ្រប់​ពេល​វេលា​ហើយ សាធុជន​នឹង​បាន​នូវ​អានិសង្ស​គឺ​អវិប្បដិសារី (សេចក្ដី​មិន​ក្ដៅ​ក្រហាយ​ចិត្ត​ជា​ដើមចម) ។ អានិសង្ស​នឹង​មាន​តទៅ​ទៀត​ថា៖

សីលេន សុគតឹ យន្តិ -​ សាធុជន ទៅ​កាន់​សុគតិ ក៏ព្រោះ​សីល ។​ 

សីលេន ភោគសម្បទា - សាធុជន បរិបូណ៌​ដោយ​ភោគៈ ក៏ព្រោះ​សីល ។​ 

សីលេន និព្វុតឹ យន្តិ - សាធុជន ទៅ​កាន់​ព្រះ​និព្វាន ក៏ព្រោះ​សីល ។ 

រឿង​ជា​បុគ្គលាធិដ្ឋាន ធ្លាប់​មាន​មក​ហើយ សូម​សាធុជន​ស្ដាប់​ដោយ​មនសិការ​ចុះ ។ បញ្ចសីល​សមទានិយត្ថេរាបទាន

គ្រា​នោះ ខ្ញុំ​កើត​ជា​បុរស​អ្នក​ស៊ីឈ្នួល ក្នុង​ក្រុង​ចន្ទវតី ខ្ញុំ​រវល់​តែ​នឹង​ការងារ​របស់​ជន​ដទៃ មិន​បាន​នូវ​បព្វជ្ជា ។ ខ្ញុំ​គិត​ថា បុគ្គល​ទាំង​ឡាយ ដែល​ត្រូវ​ងងឹត​បិទ​បាំង​ហើយ រមែង​ឆេះ​ដោយ​ភ្លើង ៣ យ៉ាង អញ គប្បី​គេច​ចេញ ដោយ​ឧបាយ​ដូចម្ដេច​ហ្ន៎ ។ អញ​ជា​មនុស្ស​កំព្រា​ធ្វើ​នូវ​ការ​ឈ្នួល ទាំង​ទេយ្យធម៌ របស់​អញ​ក៏​មិន​មាន បើ​ដូច្នោះ​គួរ​តែ​រក្សា​សីល ៥ ឲ្យ​ពេញលេញ ។ មាន​ព្រះ​ថេរៈ​ឈ្មោះ​និសកៈ ជា​សាវ័ក​របស់​ព្រះ​មុនី​ព្រះ​នាម​អនោមទស្សី ខ្ញុំ​ក៏​ចូល​ទៅ​រក​ព្រះ​ថេរៈ​អង្គ​នោះ ហើយ​ទទួល​នូវ​សិក្ខាបទ​ទាំង ៥ ។

ក្នុង​សម័យ​នោះ អាយុ (របស់​សត្វ) មាន​ប្រមាណ​មួយ​សែន​ឆ្នាំ ខ្ញុំ​រក្សា​សីល ៥ ឲ្យ​បរិបូណ៌​អស់​កាល​ប៉ុណ្ណោះ​ដែរ ។ លុះ​មរណកាល​មក​ដល់​ព្រម​ហើយ ទេវតា​ទាំង​ឡាយ លួងលោម​ខ្ញុំ​ថា នែ​អ្នក​និទ៌ុក្ខ រថ​ដែល​ទឹម​ដោយ​សេះ​មួយ​ពាន់​នេះ​មក​ប្រាកដ​ដល់​អ្នក​ហើយ ។ កាល​បើ​ចិត្ត​ជា​ខាង​ក្រោយ កំពុង​ប្រព្រឹត្ត​ទៅ ខ្ញុំ​បាន​រលឹក​នូវ​សីល​របស់​ខ្ញុំ ខ្ញុំ​បាន​ទៅ​កាន់​ឋាន​តាវត្តិង្ស ដោយ​សារ​អំពើ​ដែល​ខ្ញុំ​ធ្វើ​ល្អ​ហើយ​នោះ ។ ខ្ញុំ​បាន​ជា​ធំ​ជាង​ទេវតា សោយ​ទេវរាជ្យ មាន​ពួក​ស្រី​អប្សរ​ចោមរោម​សោយ​សេចក្ដី​សុខ​ដ៏​ជា​ទិព្វ​អស់ ៣០ ដង ។ ខ្ញុំ​បាន​ជា​ស្ដេច​ចក្រពត្តិ អស់ ៧៥ ដង បាន​សោយ​បទេសរាជ្យ​ដ៏​ធំ​ទូលាយ រាប់​បាន​មួយ​អសង្ខេយ្យ​ជាតិ ។ ខ្ញុំ​ច្យុត​ចាក​ទេវលោក ត្រូវ​កុសល​មួយ​ដាស់តឿន ក៏​មក​កើត​ក្នុង​ត្រកូល​មហា​សាល​ដ៏​ស្ដុកស្ដម្ភ ក្នុង​ក្រុង​វេសាលី ។ មាតា​និង​បិតា​របស់​ខ្ញុំ បាន​ទទួល​នូវ​សិក្ខាបទ​ទាំង ៥ ក្នុង​កាល​ជិត​ចូល​វស្សា

ខ្ញុំ​បាទ​ទទួល​សមាទាន​សីល​ជា​មួយនឹង​មាតា ហើយ​បាន​រលឹក​ឃើញ​នូវ​សីល​របស់​ខ្ញុំ ខ្ញុំ​អង្គុយ​លើ​អាសនៈ​មួយ ហើយ​បាន​នូវ​ព្រះ​អរហត្ត ព្រះ​ពុទ្ធ​មាន​ចក្ខុ​ទ្រង់​ជ្រាប​នូវ​គុណ (របស់​ខ្ញុំ) ហើយ​ទ្រង់​ឲ្យ​ឧបសម្បទា​ជា​ភិក្ខុ​ដល់​ខ្ញុំ ។ ខ្ញុំ​រក្សា​នូវ​សិក្ខាបទ​ទាំង​ប្រាំ​ពេញលេញ ខ្ញុំ​មិន​ដែល​ទៅ​កាន់​កំណើត អសុរកាយ អស់​កប្ប​និង​ប្រមាណ​មិន​បាន អំពី​ភទ្ទកប្ប​នេះ ។ ខ្ញុំ​នោះ​បាន​ទទួល​នូវ​យស ព្រោះ​ហេតុ​នៃ​សីល​ទាំង​នោះ ខ្ញុំ​កាល​សម្ដែង​នូវ​កោដិ​នៃ​កប្ប គប្បី​សម្ដែង​ជា​ឯកទេស (មួយ​ចំណែក ៗ ) ។ ខ្ញុំ​រក្សា​សីល​ទាំង ៥ បាន​នូវ​ត្រៃ​ហេតុ​គឺ : ខ្ញុំ​ជា​អ្នក​មាន​អាយុ​វែង ១ មាន​ទ្រព្យ​ច្រើន ១ មាន​ប្រាជ្ញា​មោះមុត ១ ។ មួយ​ទៀត​ខ្ញុំ​សម្ដែង​នូវ​ភាព​នៃ​ខ្លួន​ជា​បុរស​ដ៏​ក្រៃលែង ជាង​ជន​ទាំង​ពួង​អន្ទោល​ទៅ​ភព​តូច​ភព​ធំ ហើយ​តែង​បាន​នូវ​ឋានៈ​នុ៎ះ ។ សាវ័ក​ទាំង​ឡាយ​របស់​ព្រះ​ជិនស្រី ការ​ប្រព្រឹត្ត​ក្នុង​សីល និង​ប្រមាណ​មិន​បាន បើ​លោក​នៅ​ត្រេកអរ​ក្នុង​ភព តើ​នឹង​បាន​ផល​ដូចម្ដេច​ទៅ ។ សីល ៥ ដែល​ខ្ញុំ​ជា​អ្នក​ស៊ីឈ្នួល​គេ មាន​ព្យាយាម​ប្រព្រឹត្ត​ល្អ​ហើយ ខ្ញុំ​បាន​រួច​ចំណង​ទាំង​ពួង​ក្នុង​ថ្ងៃ​នេះ​ដោយ​សារ​សីល​នេះ ។ ក្នុង​កប្ប​ប្រមាណ​មិន​បាន អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​រក្សា​សីល ៥ ខ្ញុំ​មិន​ដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​សីល ៥ ។ បដិសម្ភិទា ៥ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើ​ឲ្យ​ជាក់​ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះ​ពុទ្ធ ខ្ញុំ​ក៏​បាន​ប្រតិបត្តិ​ហើយ ។ បាន​ឮ​ថា ព្រះ​បញ្ចសីល​សមាទានិយត្ថេរ មាន​អាយុ​បាន​សម្ដែង​នូវ​គាថា​ទាំង​នេះ​ដោយ​ប្រការ​ដូច្នេះ ។គាថា​សម្រាប់​បញ្ជាក់ ៖ 

សទ្ធោ សីលេន សម្បន្នោ   ​​យសោភោគសមប្បិតោ,    

យំ យំ ​បទេសំ  ភជតិ    តត្ថ តត្ថេវ បូជិតោ។

សាធុជន ជា​អ្នក​មាន​សទ្ធា បរិបូណ៌​ដោយ​សីល តែង​ឆ្អែត​ស្កប់ស្កល់ដោយ​យស​សម្បត្តិ​និង​ភោគ​សម្បត្តិ សូម្បី​តែ​សេពគប់​រក​នូវ​ទីកន្លែងណា ៗ ទេវតា​និង​មនុស្ស​ទាំង​ឡាយ តែង​បូជា​ក្នុងទីកន្លែង​នោះ ៗ ។

ធន​ធាន​អ្វី ពុំ​ប្រពៃ ស្មើ​វិជ្ជា, ព្យាធិ​រោគា  ឲ្យ​វិនាស  ជាង​សត្រូវ, ស្រឡាញ់​ខ្លួន ជាង​ស្រឡាញ់​ ជន​ខាង​ក្រៅ, កម្ម​ស​ខ្មៅ  មាន​កម្លាំង  ខ្លាំង​ក្រៃ​លែង ៕

អត្ថបទផ្សេងៗ៖ ជួនកាល “រាជសីហ៍ឈរយ៉ាងសង្ហា” ក៏ធ្លាប់ជា “ឆ្កែទាល់ច្រក” ពីមុនមកដែរ , សេចក្តីប្រមាទជាផ្លូវនៃសេចក្តីស្លាប់ "មហាសង្រ្កាន្តឆ្នាំថ្មី វិថីជីវិតស្ថិតលើគន្លងធម៌" , ការធ្វើដំណើររបស់ដួងវិញ្ញាណក្រោយមរណកាល , ទិវាបុណ្យវិសាខបូជា , អត្ថន័យនិងសារសំខាន់នៃថ្ងៃបុណ្យវិសាខបូជាមានអ្វីខ្លះទៅ ? , សេចក្តីប្រមាទជាផ្លូវនៃសេចក្តីស្លាប់ "មហាសង្រ្កាន្តឆ្នាំថ្មី វិថីជីវិតស្ថិតលើគន្លងធម៌" , ករុណាយ  ទិនំ  ហោតិ  មាឃបូជាធ  សាសនេ  :  មាឃបូជាទិវានៃសេចក្ដីស្រឡាញ់ , ជីវិតត្រូវសិក្សា បញ្ញាត្រូវអប់រំ , គុណធម៌ទាំង១០​ ជាទ្រព្យរបស់អ្នកដឹកនាំ , អប្បកញ្ចិទំ ជីវិតមាហុ ធីរា​ - ​ជាការពិតណាស់ ប្រាជ្ញទាំងឡាយបានពោលទុកថា ជីវិតនេះខ្លីណាស់ , តួនាទីរបស់ព្រះភិក្ខុសង្ឃមានអ្វីខ្លះទៅ? , អានិសង្ស​របស់និច្ចសីល ឬហៅថាសីល ៥ មានអ្វីខ្លះទៅ? , លោកវជ្ជកថា , សំណាកស្លាកស្នាមព្រះពុទ្ធបដិមារបស់លាវដែលនៅសេសសល់បន្ទាប់ពីទីក្រុងវៀងច័ន្ទន៍ត្រូវបានដុតបំផ្លាញចោល​ , ជីវិតត្រូវសិក្សា បញ្ញាត្រូវអប់រំ , "ពលធម៌" មានន័យយ៉ាងម៉េចទៅ ? , ទោសនៃការសេពគ្រឿងស្រវឹងដែលកើតក្នុងជីវិតអ្នកប្រព្រឹត្ត ,​ រើសយកអាជីពណា ត្រូវក្លាហានក្នុងអាជីពនោះ

Previous Post
Next Post

post written by:

0 comments: