ការធ្វើដំណើររបស់ដួងវិញ្ញាណក្រោយមរណកាល
ដំណើរត្រាច់រង្គត់របស់ដួងវិញ្ញាណចាត់ជារឿងសកលក្នុងវដ្ដសង្សារ ។ ការស្លាប់គ្រាន់តែជាការចប់ទៅនៃជីវិតក្នុងភពមួយប៉ុណ្ណោះ បន្ទាប់ពីនោះ ដួងវិញ្ញាណក៏ធ្វើដំណើរទៅកាន់សុគតិភព ឬ ទុគ្គតិភពតទៅទៀត ហេតុនោះ ទោះអ្នកស្លាប់នោះជាជនជាតិអ្វី សាសនាអ្វី ប្រទេសអ្វី ឬ ពូជអម្បូរអ្វីក៏ដោយ ក៏ត្រូវស្ថិតនៅក្រោមច្បាប់កម្មផលទាំងអស់ ។
ស្លាប់បាន ៧ ថ្ងៃ នៅតែស្ថិតក្នុងភពមនុស្ស និង ដឹងខ្លួនថា ស្លាប់
លុះស្លាប់ទៅហើយ ដួងវិញ្ញាណក៏របូតចេញពីកាយសាច់នេះទៅ ក្នុងកំលុង ៧ ថ្ងៃនេះ ដួងវិញ្ញាណរបស់អ្នកស្លាប់នៅតែវិលវល់ក្នុងភពមនុស្សនេះនៅឡើយ វិលវល់នៅម្ដុំផ្ទះសម្បែង កន្លែងធ្វើការ ទីកន្លែងដែលធ្លាប់ស្គាល់ ជាដើម ព្យាយាមធ្វើទំនាក់ទំនងជាមួយគ្រួសារ សាច់ញាតិ ឬ មិត្តភក្តិ ក៏ប៉ុន្តែនៅពេលនិយាយប្រាស្រ័យជាមួយនឹងនរណាម្នាក់ ក៏គ្មាននរណាយល់ដឹង ព្រោះនៅភពផ្សេងគ្នា ក៏ដឹងខ្លួនឯងថាស្លាប់ហើយ ។ កំលុង 7 ថ្ងៃនេះ ចាត់ជាពេលវេលារង់ចាំផលបុណ្យ ឬ ផលបាប ជាកំលុងពេលដែលធ្វើឲ្យអ្នកស្លាប់នៅមានឱកាសទទួលផលបុណ្យពីសាច់ញាតិ ឬ មិត្រភក្តិ ដែលធ្វើបុណ្យឧទ្ទិសទៅឲ្យបាន ព្រោះហេតុនោះ ពិធីបុណ្យ ៧ ថ្ងៃ ទើបត្រូវបានធ្វើឡើងជានិច្ចដើម្បីឧទ្ទិសចំណែកបុណ្យកុសលដល់អ្នកស្លាប់ទៅហើយនោះ ។ នៅពេលទទួលផលបុណ្យដែលញាតិមិត្រឧទ្ទិសទៅឲ្យរួចហើយ អ្នកស្លាប់នោះក៏នឹងធ្វើដំណើរទៅកាន់សុគតិភពតាមអំណាចបុណ្យដែលខ្លួនមាននិងទទួលបាន ដោយមិនទៅកាន់យមលោកទេ ។
៧ ថ្ងៃ ដល់ ៥០ ថ្ងៃ កំលុងពេលរង់ចាំសេចក្ដីវិនិច្ឆ័យបាបបុណ្យឯយមលោក
សម្រាប់បុគ្គលដែលនឹករលឹកបុណ្យមិនបាន ឬ មិនមានញាតិមិត្រធ្វើបុណ្យឧទ្ទិសទៅឲ្យ នៅពេលគ្រប់ ៧ ថ្ងៃហើយ ភ្នាក់ងារយមលោក(កុម្ភណ្ឌ) ក៏នាំដួងវិញ្ញាណរបស់អ្នកស្លាប់នោះទៅកាន់យមលោក ដើម្បីរង់ចាំសេចក្ដីវិនិច្ឆ័យបាបបុណ្យដែលបានធ្វើកំលុងនៅមានជីវិត ។ រយៈពេល ៥០ ថ្ងៃនេះ ដួងវិញ្ញាណរបស់អ្នកស្លាប់នៅតែអាចទទួលចំណែកបុណ្យពីភពមនុស្សបាន ។
កំលុង ៥១ ដល់ ១០០ ថ្ងៃ ត្រូវបានស្ដេចយមរាជវិនិច្ឆ័យបាបបុណ្យ
ស្ដេចយមរាជដែលជាទេព្ដាជាន់ចាតុម្មហារាជិកាក៏សួរដេញដោលកិរិយាប្រព្រឹត្តរបស់អ្នកស្លាប់ខណៈនៅមានជីវិតរស់ ដោយមានសុវណ្ណលេខាស្ដាំជាអ្នកលាតត្រដាងបញ្ជីបុណ្យ និង សុវានលេខាឆ្វេងជាអ្នកលាតត្រដាងបញ្ជីបាប ដើម្បីវិនិច្ឆ័យឲ្យដួងវិញ្ញាណទៅកើតក្នុងទុគ្គតិភព គឺ នរក ប្រេត អសុរកាយ តិរច្ឆានជាដើម ឬ សុគតិភព គឺ ភពមនុស្សជាដើម តាមកម្លាំងបុណ្យ និង បាបដែលបានធ្វើក្នុងអតីតជាតិ ។
ក្នុងកំលុង ៥១ ដល់ ១០០ ថ្ងៃនេះ ញាតិមិត្រនៅអាចធ្វើបុណ្យឧទ្ទិសទៅឲ្យដួងវិញ្ញាណរបស់អ្នកស្លាប់បាន បន្ទាប់ពីនោះ ស្ដេចយមរាជក៏វិនិច្ឆ័យទៅតាមកម្លាំងបុណ្យនិងបាបរបស់អ្នកស្លាប់តទៅ ហើយក៏បញ្ជាឲ្យភ្នាក់ងារយមរាជប្រគល់ទឹកបំភ្លេចអតីតជាតិដល់អ្នកដែលត្រូវទៅកើតទៀតផង ៕
ប្រភព ៖ ជីវិតបរលោកនិងអដ្ឋកថា
អ្នកសិក្សាស្រាវជ្រាវ ព្រះមហាភិរម្យ
វត្តបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង
២១ ឧសភា ២០២២
0 comments: