วันพุธที่ 4 พฤศจิกายน พ.ศ. 2563

អប្បកញ្ចិទំ ជីវិតមាហុ ធីរា​ - ​ជាការពិតណាស់ ប្រាជ្ញទាំងឡាយបានពោលទុកថា ជីវិតនេះខ្លីណាស់


អប្បកញ្ចិទំ  ជីវិតមាហុ  ធីរា​ - ​ជាការពិតណាស់ ប្រាជ្ញទាំងឡាយបានពោលទុកថា ជីវិតនេះខ្លីណាស់, ពេលមានជីវិតនៅរស់អោយគេស្រឡាញ់ចូលចិត្ត ឃ្លាតចាកទៅអោយគេស្រណោះអាឡោះ​អាល័យ​ ។

ជីវិតរបស់រាល់មនុស្សសព្វសត្វទាំងឡាយ ដែលរស់នៅលើពិភពលោកនេះ សុទ្ធតែគេចមិនផុតពី ការកើត ចាស់ ឈឺ ស្លាប់ បើដូច្នេះហើយ សព្វមនុស្សសត្វ គួរតែមានចិត្តមេត្តាធម៌ចំពោះគ្នានិងគ្នា អោយបានច្រើន។ នៅពេលជីវិតរបស់រាល់មនុស្សរលត់ទៅ មិនអាចយកអ្វីតាមខ្លួនបានឡើយ។ ទ្រព្យសម្បត្តិ មាសប្រាក់កែវកងមានតម្លៃ ឬអ្វីៗដែលជាទីហួងហែងរបស់រាល់មនុស្សក៏ទុកចោល សូម្បីតែកាក់ដែលគេដាក់ក្នុងមាត់ក៏មិនអាចយកទៅបានដែរ។

ពេលមានជីវិតនៅរស់អោយគេស្រឡាញ់ចូលចិត្ត ឃ្លាតចាកទៅអោយគេស្រណោះអាឡោះ​អាល័យ កុំធ្វើអោយជីវិតស្លាប់ទាំងរស់ ដូចបុគ្គលខ្មែរខ្លះដែលកំពុងបានប្រព្រឹត្ត ទុច្ចរិត ធ្វើទុក្ខបុក​ម្នេញមកលើខ្មែរបរិសុទ្ធស្លូតត្រង់ទាំងឡាយ ។ ធ្វើជាមនុស្សត្រូវចេះសាងនូវទង្វើល្អ មានជីវិតរស់នៅមួយថ្ងៃ ក៏នៅប្រសើរជាងមនុស្សសាងនូវទង្វើអាក្រក់ មានជីវិតរស់នៅមួយរយឆ្នាំដែរ។

លើកតួយ៉ាងជាគំរូអោយឃើញជាប្រចក្ស របស់លោកព្រឹទ្ឋាចារ្យ វណ្ណ ម៉ូលីវណ្ណ ស្ថាបត្យករជើងចាស់ដ៏ល្បាញល្បីរបស់កម្ពុជា ក្នុង​សម័យសង្គមរាស្ត្រនិយម (១៩៥៥–១៩៧០) លោក មានប្រសាសន៍ថា "ខ្ញុំខ្មែរ ខ្ញុំធ្លាប់រស់នៅផ្ទះឈើ ប្រក់ក្បឿង ដូច្នេះ ខ្ញុំត្រូវតែស្រលាញ់របស់ហ្នឹង។ ខ្ញុំកើតក្នុងអត្តញាណខ្មែរ ដូច្នេះ ខ្ញុំត្រូវតែរក្សាអត្តញាណរបស់ខ្មែរក្នុងស្ថាបត្យកម្ម រហូតដល់ជីវិតចុងក្រោយរបស់ខ្ញុំ" ។

ពីព្រោះថាជីវិតរបស់សព្វសត្វទាំងឡាយ មានការបែករំលត់ទៅជាទីបំផុត អំពើល្អប៉ុណ្ណោះ ដែលជាស្ពានជួយសព្វសត្វទាំងឡាយ អោយទៅកើតនៅភព សុគតិ លោក សួគ៌ា បាន អំពើល្អនរណាបានសាង អ្នកនោះក៏បានទទួល ប្រៀបដូចយើងទទួលទានអាហារបែបណា រាងកាយក៏បានទទួលផលបែបនោះ អ៊ីចឹង សមដូចព្រះសម្មាសម្ពុទ្ធ លោកមានព្រះតម្រាស់ថា ៖ 

ទហរាបិ ច យេ វុឌ្ឍា​ ​ យេ ពាលា យេ ច បណ្ឌិតា, 

អឌ្ឍា ចេវ ទលិទ្ទា ច សព្វេ មច្ចុបរាយនា ។

នរជនទាំងឡាយណា ទោះបីក្មេង​ក្ដី ចាស់​ក្ដី ល្ងង់ខ្លៅក្ដី មានបញ្ញាឈ្លាសវៃក្ដី អ្នក​មាន​ក្ដី អ្នកក្រក្រីតោកយ៉ាកក្ដី នរជនទាំងអស់​នោះ តែងតែមានសេចក្ដីស្លាប់​ជាកន្លែងទៅខាងមុខ។

យថាបិ កុម្ភការស្ស កតំ មត្តិកភាជនំ,  

ខុទ្ទកញ្ច មហន្តញ្ច យញ្ច បក្កំ យញ្ច អាមកំ, 

សព្វំ ភេទបរិយន្តំ ឯវំ មច្ចាន ជីវិតំ ។ (មហាបរិនិព្ពានសុត្តំ) 

ភាជនៈដី ដែលស្មូន​ឆ្នាំងបាន​ធ្វើរួចហើយ ទោះបី​តូចក្ដី ធំក្ដី ឆ្អិនក្ដី ឆៅក្ដី ភាជនៈទាំងអស់នោះ សុទ្ធតែមានកិរិយាបែកធ្លាយ​ជាទីបំផុត យ៉ាងណាមិញ ​ជីវិតរបស់សត្វមានជីវិត​ទាំងឡាយ ​ក៏យ៉ាងដូច្នោះ​ដែរ។

បរិជិណ្ណមិទំ រូបំ  រោគនិទ្ធំ បភង្គុណំ, 

ភិជ្ជតិ បូតិ សន្ទេហោ មរណន្តំ ហិ ជីវិតំ ។ (ឧត្តរាថេរីវត្ថុពុទ្ធោវាទោ)

រូបកាយនេះចាស់គ្រាំគ្រាអស់ហើយ ជាទីសម្បុកនៃមេរោគ ជារបស់ទ្រុឌទ្រោមពុកផុយ, រាងកាយជារបស់រលួយស្អុយនេះ តែងបែកធ្លាយរលាយទៅវិញ ព្រោះជីវិតរមែងមានសេចក្តីស្លាប់ជាទីបំផុត ។

មរណស្សតិ - ការរឭកដល់សេចក្តីស្លាប់, អទ្ធា សព្ពសត្តានំ មរណំ ភវិស្សតិ - សេចក្តីស្លាប់របស់សព្វសត្វ នឹងមានយ៉ាងពិតប្រាកដ, អទ្ធុវំ មេ ជីវិតំ - ជីវិតរបស់យើង ជារបស់មិនឋិតឋេរ, ធុវំ មេ មរណំ​- សេចក្តីស្លាប់របស់យើង ជារបស់ឋិតឋេរ ។

ប្រសិនបើមនុស្សយើងបានពិចារណាអំពីសេចក្តីស្លាប់ ជារឿយៗ ជារៀងរាល់ថ្ងៃ ជារឿងដែលល្អប្រសើរក្នុងការស្វែងរកសច្ចធម្មក្នុងជីវិត ព្រោះនៅពេលដែលមនុស្សយើងបានគិតពិចារណាពីសេចក្ដីស្លាប់ដោយយោនិសោមនសិការ ហើយយល់ច្បាស់ថា ខ្លួនយើង ក៏នឹងត្រូវស្លាប់យ៉ាងពិតប្រាកដ សេចក្ដីស្លាប់នេះ នឹងកើតឡើងបាន គ្រប់ពេលគ្រប់វេលា មនុស្សក៏នឹងប្រញាប់ប្រញាល់ធ្វើនូវអំពើល្អ ឃាត់ចិត្តចាកពីអំពើអាក្រក់ថោកទាបទាំងពួង ទាំងផ្លូវកាយ ទាំងផ្លូវវាចា និងផ្លូវចិត្ត ហើយពេលដែលសេចក្តីស្លាប់កើតឡើងនូវចំពោះខ្លួនឯង និង ក្រុមគ្រួសារសាច់ញាតិ មានជាពិសេស គឺមនុស្សជាទីស្រឡាញ់ជាដើម មនុស្សដែលបានចម្រើនមរណស្សតិនោះល្អហើយ ក៏នឹងមិនតក់ស្លុតអ្វីឡើយ ព្រោះ ការកើត ចាស់ ឈឺ ស្លាប់ ជាធុវធម្ម ជាធម្មនិយាម ។

ព្រះសម្មាសម្ពុទ្ធ លោកតែងតែប្រាប់ដាស់តឿនដល់មនុស្សទាំងឡាយ កុំប្រមាទក្នុងការដំណើរជីវិត គប្បីរឭកដល់សេចក្ដីស្លាប់ជារឿយៗ រឭកជានិច្ច រឭកជារៀងរាល់ថ្ងៃ ព្រោះថា មិនថា ទារក ទារិកា ក្មេង ស្ទាវ កម្លោះ ក្រមុំ ចាស់ មាន ក្រ រាជា សេដ្ឋី និង យាចក ឬមិនថាវ័យណាៗ យសឋានន្តរណាៗ ក៏គង់នឹងស្លាប់បានគ្រប់ពេលវេលា សមដូចព្រះបាលីថា ៖

ឯវំ ជរា ច មច្ចុ ច  អធិវត្តន្តិ បាណិនោ, 

ខត្តិយេ ព្រាហ្មណេ វេស្សេ  សុទ្ទេ ចណ្ឌាលបុក្កុសេ ។

សេចក្ដីចាស់ និង សេចក្ដីស្លាប់ តែងតែគ្របសង្កត់ នូវសត្វទាំងឡាយ (មិនរើសមុខថា) ជាខត្តិយៈក្តី ជាព្រាហ្មណ៍ក្ដី ជាឈ្មួញក្ដី ជាគូលីក្ដី ជាចណ្ឌាលក្ដី ជាអ្នករើសសំរាមបោសសំរាមក្ដី យ៉ាងនេះឯង ។

អទ្ធុវំ មេ ជីវិតំ, 

ធុវំ មេ មរណំ, 

អវស្សំ មយា មរិតព្ពំ, 

មរណបរិយោសានំ មេ ជីវិតំ, 

ជីវិតមេវ អនិយតំ, មរណំ និយតំ ។

ជីវិតរបស់យើង ជារបស់មិនឋិតឋេរ សេចក្តីស្លាប់របស់យើង ជារបស់ឋិតឋេរ យើងគង់តែនឹងស្លាប់ យ៉ាងពិតប្រាកដ ជីវិតរបស់យើង មានសេចក្តីស្លាប់ជាទីបំផុត ជីវិតជារបស់មិនទៀងត្រង់  សេចក្តីស្លាប់ ជារបស់ទៀងត្រង់ពិតប្រាកដ។

យថា ទណ្ឌេន គោបាលោ  គាវោ បាជេតិ គោចរំ,  

ឯវំ ជរា ច មច្ចុ ច​  ឣាយុំ បាជេតិ បាណិនំ ។

គង្វាលគោ រមែងកៀងគោទាំងឡាយទៅកាន់ទីគោចរ (កន្លែងស៊ីស្មៅ) ដោយឣាជ្ញាគឺដំបង ឬរំពាត់ យ៉ាងណាមិញ, ជរា គឺ សេចក្តីទ្រុឌទ្រោមគ្រាំគ្រា និង មច្ចុ គឺ សេចក្តីស្លាប់ តែងតែកៀងនូវឣាយុ របស់សត្វមានជីវិតទាំងឡាយ ក៏យ៉ាងដូច្នោះឯង ។

បុញ្ញានិ បរលោកស្មឹ បតិដ្ឋា ហោន្តិ បាណិនំ. 

បុណ្យទាំងឡាយ ជាទីពឹងអាស្រ័យ របស់សត្វទាំងឡាយ ក្នុងបរលោក ។

ជាអវសាន​នេះ The Buddha Pictures សូមអោយដួងវិញ្ញាណក្ខន្ធរបស់សព្វមនុស្សសត្វទាំងឡាយក្នុងលោកនេះ​ ចូរអោយបានទៅកើតនៅភព សុគតិ លោក សួគ៌ា កុំបីឃ្លៀងឃ្លាតឡើយ ៕ 

((អត្ថបទដោយ៖ The Buddha Pictures រក្សាសិទ្ធិ))

អត្ថបទផ្សេងៗ៖ ជួនកាល “រាជសីហ៍ឈរយ៉ាងសង្ហា” ក៏ធ្លាប់ជា “ឆ្កែទាល់ច្រក” ពីមុនមកដែរ , សេចក្តីប្រមាទជាផ្លូវនៃសេចក្តីស្លាប់ "មហាសង្រ្កាន្តឆ្នាំថ្មី វិថីជីវិតស្ថិតលើគន្លងធម៌" , ការធ្វើដំណើររបស់ដួងវិញ្ញាណក្រោយមរណកាល , ទិវាបុណ្យវិសាខបូជា , អត្ថន័យនិងសារសំខាន់នៃថ្ងៃបុណ្យវិសាខបូជាមានអ្វីខ្លះទៅ ? , សេចក្តីប្រមាទជាផ្លូវនៃសេចក្តីស្លាប់ "មហាសង្រ្កាន្តឆ្នាំថ្មី វិថីជីវិតស្ថិតលើគន្លងធម៌" , ករុណាយ  ទិនំ  ហោតិ  មាឃបូជាធ  សាសនេ  :  មាឃបូជាទិវានៃសេចក្ដីស្រឡាញ់ , ជីវិតត្រូវសិក្សា បញ្ញាត្រូវអប់រំ , គុណធម៌ទាំង១០​ ជាទ្រព្យរបស់អ្នកដឹកនាំ , អប្បកញ្ចិទំ ជីវិតមាហុ ធីរា​ - ​ជាការពិតណាស់ ប្រាជ្ញទាំងឡាយបានពោលទុកថា ជីវិតនេះខ្លីណាស់ , តួនាទីរបស់ព្រះភិក្ខុសង្ឃមានអ្វីខ្លះទៅ? , អានិសង្ស​របស់និច្ចសីល ឬហៅថាសីល ៥ មានអ្វីខ្លះទៅ? , លោកវជ្ជកថា , សំណាកស្លាកស្នាមព្រះពុទ្ធបដិមារបស់លាវដែលនៅសេសសល់បន្ទាប់ពីទីក្រុងវៀងច័ន្ទន៍ត្រូវបានដុតបំផ្លាញចោល​ , ជីវិតត្រូវសិក្សា បញ្ញាត្រូវអប់រំ , "ពលធម៌" មានន័យយ៉ាងម៉េចទៅ ? , ទោសនៃការសេពគ្រឿងស្រវឹងដែលកើតក្នុងជីវិតអ្នកប្រព្រឹត្ត ,​ រើសយកអាជីពណា ត្រូវក្លាហានក្នុងអាជីពនោះ


Previous Post
Next Post

post written by:

0 comments: